(ដូហា)៖ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានឧទ្ទិសជ័យជម្នះ ការប្រកួតនៅឯព្រឹត្តិការណ៍ World Cup របស់ពួកគេ លើក្រុមអេក្វាឌ័រ ចំពោះអតីតកីឡាករ Papa Bouba Diop ដែលបានស្លាប់ហើយនោះ ដោយលោកកីឡាករដើរតួនាទីសំខាន់ជាងគេ សម្រាប់ក្រុមសេណេហ្គាល់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ការប្រកួតឈ្នះ២-១របស់ពួកគេ លើក្រុមអេក្វាឌ័រ កាលពីថ្ងៃអង្គារ ដែលអនុញ្ញាតឲ្យពួកគេ ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ដោយពួកគេនឹងត្រូវប៉ះក្រុមអង់គ្លេសនោះ គឺចំខួប២ឆ្នាំ នៃការស្លាប់របស់ខ្សែបម្រើ Papa Bouba Diop ក្នុងវ័យ៤២ឆ្នាំ។

Diop បានស៊ុតបញ្ចូលទីយកឈ្នះ ខណៈសេណេហ្គាល់ ដែលជាក្រុមទើបឡើងទៅប្រកួតជាលើកដំបូង នៅវគ្គចុងក្រោយ នៃព្រឹត្តិការណ៍ World Cup 2022 នោះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកបារាំង មានការភ្ញាក់ផ្អើល ក្នុងការប្រកួតបើកឆាករបស់ពួកគេ នៃព្រឹត្តិការណ៍កាលពី ២០ឆ្នាំមុន។

Diop បានជួយឲ្យសេណេហ្គាល់ ឡើងទៅកាន់ការប្រកួតវគ្គជម្រុះ ៤ក្រុមចុងក្រោយ ដែលមានជប៉ុន និងកូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០០២ ធ្វើឲ្យពួកគេគឺជាក្រុមទី២ នៅទ្វីបអាហ្វ្រិក ដែលបានឡើងទៅកាន់វគ្គនេះ បន្ទាប់ពីកាមេរូន ធ្វើបាននៅក្នុងឆ្នាំ១៩៩០។

បន្ទាប់ពីបើកការប្រកួតចាញ់ក្រុមហូឡង់ និងយកឈ្នះលើក្រុមម្ចាស់ផ្ទះកាតា, ក្រុមម្ចាស់ពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិកមួយនេះ បានឈានដល់ការប្រកួតចុង នៃវគ្គជម្រុះក្នុងពូល A របស់ពួកគេ ដោយបានប៉ះក្រុមអេក្វាឌ័រ ជាមួយនឹងការទទួលបានជ័យជម្នះ ដែលជ័យជម្នះរបស់ពួកគេនេះ នឹងកំណត់ឲ្យមានការប្រកួត ជាលើកដំបូងមិនធ្លាប់មានពីមុនរបស់ពួកគេ ដោយត្រូវប៉ះក្រុមអង់គ្លេស ក្នុងវគ្គ ១៦ក្រុមចុងក្រោយ៕