(ដូហា)៖ គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន Hajime Moriyasu បានលើកឡើងថា បាល់ទាត់អឺរ៉ុប គឺជាស្តង់ដារមាសសកល ប៉ុន្តែលោកបានជំរុញឲ្យក្រុមកីឡាកររបស់លោក ត្រូវជឿជាក់លើខ្លួនឯង នៅពេលដែលពួកគេ ប្រកួតប៉ះក្រុមអេស្ប៉ាញ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ក្នុងវគ្គជម្រុះក្នុងពូល E នៅឯព្រឹត្តិការណ៍ World Cup, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្រុមសាមូរ៉ៃ បានបើកយុទ្ធនាការរបស់ពួកគេ ជាមួយនឹងការយកឈ្នះ ដ៏គួរឲ្យភ្ញាក់ផ្អើលលើក្រុមអាល្លឺម៉ង់ ប៉ុន្តែបានបរាជ័យវិញ ក្នុងការប្រកួតលើកទី២របស់ពួកគេ ប៉ះក្រុមកូស្តារីកា, ដូច្នេះពួកគេចាំបាច់ ត្រូវយកឈ្នះក្រុមម្ចាស់ពានរង្វាន់ជើងឯក ឆ្នាំ២០១០ នៅថ្ងៃព្រហស្បតិ៍ ដើម្បីធានាកៅអីរបស់ពួកគេ នៅវគ្គ១៦ក្រុមចុងក្រោយ។

"ថ្ងៃស្អែកនេះ នឹងក្លាយជាការប្រកួត ដែលមានសម្ពាធខ្លាំង សម្រាប់កីឡាករគ្រប់គ្នា ប៉ុន្តែយើងត្រូវតែជឿជាក់លើខ្លួនឯង", នេះបើតាមសម្តីលោក Moriyasu បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធ។

«ពួកគេត្រូវតែជឿជាក់លើខ្លួនពួកគេ, ពួកគេត្រូវតែជឿជាក់ លើមិត្តរួមក្រុមរបស់ពួកគេ ដើម្បីប្រឆាំងនឹងគូប្រកួត, ជឿជាក់ថា ពួកគេនឹងធ្វើបានល្អបំផុត ហើយលទ្ធផលនឹងកើតឡើងតាមនោះ»

សូមរំលឹកថា អេស្ប៉ាញ បានយកឈ្នះលើក្រុមជប៉ុន ដែលដឹកនាំដោយលោក Moriyasu ក្នុងម៉ោងបន្ថែម ជាមួយនឹងការស៊ុតបញ្ចូលទី របស់កីឡាករ Marco Asensio ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅឯព្រឹត្តិការណ៍ Tokyo Olympics កាលពីឆ្នាំមុន៕