(បានដាអាហ្សាលី)៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងការពារសន្តិសុខ នៅភាគខាងជើងប្រទេសអ៉ីរ៉ង់ ស្របពេលក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាល បានប្រារព្ធការអបអរសាទរជាសាធារណៈ ចំពោះការធ្លាក់ចេញរបស់ក្រុមបាល់ទាត់ជម្រើសជាតិពីព្រឹត្តិការណ៍ World Cup។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

ក្រុមសកម្មជនបានលើកឡើងថា លោក Mehran Samak ត្រូវបានបាញ់ចំក្បាល បន្ទាប់ពីលោកបានចុចស៊ីហ្លេរថយន្តរបស់លោកនៅទីក្រុង Bandar Anzali កាលពីយប់ថ្ងៃអង្គារ។

វីដេអូពីទីក្រុងផ្សេងទៀត បានបង្ហាញថា មានក្រុមមនុស្សបានអបអរសាទរ និងរាំ នៅតាមដងផ្លូវ។

ជនជាតិអ៉ីរ៉ង់ជាច្រើន បានបដិសេធគាំទ្រ ដល់ក្រុមបាល់ទាត់របស់ពួកគេ នៅក្នុងប្រទេសកាតា ដោយមើលឃើញថា ជាក្រុមតំណាងនៃសាធារណរដ្ឋអ៉ីស្លាមនេះ។

ប្រព័ន្ធផ្សព្វផ្សាយដែលជាប់ពាក់ព័ន្ធនឹងរដ្ឋ បានស្តីបន្ទោសលើកងកម្លាំងសត្រូវ ទាំងក្នុង និងក្រៅប្រទេសអ៉ីរ៉ង់ ថាបានដាក់សម្ពាធមិនតម្លាភាព លើក្រុមកីឡាករ បន្ទាប់ពីការបរាជ័យ ១-០ របស់ពួកគេ ក្រោមថ្វីជើងក្រុមអាមេរិក ក្នុងការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល។

ក្រុមកីឡាករជម្រើសជាតិអ៉ីរ៉ង់ មិនបានច្រៀងបទគោរពភ្លេងជាតិនោះទេ មុនពេលការប្រកួតបើកឆាករបស់ពួកគេ ក្នុងលទ្ធផលចាញ់ ៦-២ ក្រោមថ្វីជើងក្រុមអង់គ្លេស ដែលជាការបង្ហាញសាមគ្គីភាព ជាមួយក្រុមបាតុករ។

ប៉ុន្តែពួកគេបានច្រៀង នៅមុនការប្រកួតប៉ះក្រុមវេលស៍ ដែលពួកគេបានយកឈ្នះ ២-០ និងបានច្រៀងនៅឯការប្រកួត ប៉ះសហរដ្ឋអាមេរិក ដែលត្រូវបានគេចោទប្រកាន់ខាងផ្នែកនយោបាយ។

បាតុករខ្លះបានយល់ឃើញថា ជាការក្បត់នៃបុព្វហេតុរបស់ពួកគេ បើទោះបីជាមានសេចក្តីរាយការណ៍ថា ក្រុមជម្រើសជាតិ បានស្ថិតក្រោមសម្ពាធខ្លាំង ពីអាជ្ញាធរអ៉ីរ៉ង់ក៏ដោយ។

សូមជម្រាបថា ភាពចលាចល បានចាប់ផ្តើម១០សប្តាហ៍កន្លងទៅហើយ បន្ទាប់ពីមានការស្លាប់ ក្នុងមន្ទីរឃុំឃាំង នៃស្ត្រីឈ្មោះ Mahsa Amini វ័យ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលិស នៅរដ្ឋធានី Tehran ដោយចោទប្រកាន់ពីបទបំពានច្បាប់ដ៏តឹងរឹង ដែលតម្រូវឲ្យស្ត្រីត្រូវពាក់ក្រណាត់ គ្របលើសក់របស់ពួកគេ។

អាជ្ញាធរអ៉ីរ៉ង់ បានឆ្លើយតបនឹងអ្វីដែលពួកគេពណ៌នាថាជា «កុប្បកម្ម» ដែលគាំទ្រដោយបរទេស ជាមួយនឹងការបង្ក្រាបដោយហិង្សា ដែលអង្គការសិទ្ធិមនុស្ស Iran Human Rights មានមូលដ្ឋាននៅប្រទេសន័រវេស បានលើកឡើងថា យ៉ាងហោចណាស់មនុស្ស៤៤៨នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ៦០នាក់។ ព្រមជាមួយនោះ មានមនុស្សជាង១៨,០០០នាក់ទៀត ត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ខ្លួន៕