(ដូហា)៖ គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន Hajime Moriyasu បានលើកឡើងថា បាល់ទាត់អឺរ៉ុប គឺជាស្តង់ដារមាសសកល ប៉ុន្តែលោកបានជំរុញឲ្យក្រុមកីឡាកររបស់លោក ត្រូវជឿជាក់លើខ្លួនឯងនៅពេលដែលពួកគេត្រូវប៉ះក្រុមអេស្ប៉ាញ ក្នុងការប្រកួតចុងក្រោយក្នុងវគ្គជម្រុះក្នុងពូល E នៅព្រឹត្តិការណ៍ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

ក្រុមសាម៉ូរៃជប៉ុន បានបើកយុទ្ធនាការរបស់ពួកគេ ជាមួយនឹងការយកឈ្នះដ៏គួរឲ្យភ្ញាក់ផ្អើលលើក្រុមអាល្លឺម៉ង់ ប៉ុន្តែបានបរាជ័យវិញ ក្នុងការប្រកួតលើកទី២ របស់ពួកគេប៉ះក្រុមកូស្តារីកា។ ដូច្នេះពួកគេចាំបាច់ត្រូវយកឈ្នះក្រុមម្ចាស់ពានរង្វាន់ជើងឯក ឆ្នាំ២០១០ អេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍ ដើម្បីធានាកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ។

«ថ្ងៃនេះ នឹងក្លាយជាការប្រកួតដែលមានសម្ពាធខ្លាំងសម្រាប់កីឡាករគ្រប់គ្នា ប៉ុន្តែយើងត្រូវតែជឿជាក់លើខ្លួនឯង»។ នេះបើតាមសម្តីលោក Moriyasu បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ។

«ពួកគេត្រូវតែជឿជាក់លើខ្លួនពួកគេ, ពួកគេត្រូវតែជឿជាក់ លើមិត្តរួមក្រុមរបស់ពួកគេ ដើម្បីរកជ័យជម្នះ។ ខ្ញុំជឿជាក់ថា ពួកគេនឹងធ្វើបានល្អបំផុត ហើយលទ្ធផលនឹងកើតឡើងតាមនោះ»

សូមរំលឹកថា អេស្ប៉ាញ បានយកឈ្នះលើក្រុមជប៉ុន ដែលដឹកនាំដោយលោក Moriyasu ក្នុងម៉ោងបន្ថែម ជាមួយនឹងការស៊ុតបញ្ចូលទី របស់កីឡាករ Marco Asensio ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹត្តិការណ៍ Tokyo Olympics កាលពីឆ្នាំមុន ក្នុងឈុត U23៕