(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Nissan Motor Co របស់ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីមួយដែលមានឈ្មោះថា «ប្រាក់កម្ចីបៃតង» ដែលមានចំនួនប្រមាណ ១.៤៤ពាន់លានដុល្លារ។ ខណៈប្រាក់កម្ចីនោះត្រូវបានគេឱ្យដឹងថា Nissan យកទៅវិនិយោគលើដំណើរការបំពាក់កន្លែងសាកអាគុយរថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ជុំវិញកិច្ចព្រមព្រៀងនេះ Nissan បានគូសបញ្ជាក់ថា ខ្លួនបានចុះហត្ថលេខាលើប្រាក់កម្ចីរួមគ្នាមួយជាមួយនឹងធនាគារ Mizuho និងធនាគារ MUFG ខណៈកិច្ចព្រមព្រៀងនេះនឹងត្រូវបានប្រព្រឹត្តិទៅក្នុងរយៈពេលចន្លោះពី ៥ទៅ ៧ឆ្នាំ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ធំនេះបានបន្ថែមទៀតថា មូលនិធិនេះនឹងត្រូវប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតរថយន្តអគ្គិសនី រួមទាំងរៀបចំទៅលើការបំពាក់កន្លែងសាកថ្មរថយន្តជាដើម៕