(ភ្នំពេញ)៖ ក្រោយទៅដល់តំបន់ថ្មីៗមួយចំនួននៅលើភ្នំត្បែងខេត្តព្រះវិហារកាលពីខែមុន ក្រុមការងារ Fresh Adventure រួមជាមួយនារីចល័តចរបានបង្វែរទិសដៅទៅកាន់គោលដៅថ្មីមួយទៀត ដែលស្ថិតចន្លោះផ្លូវក្នុងព្រៃពីជីផាតទៅអារ៉ែងខេត្តកោះកុង ហើយក៏ជាតំបន់ដែលមានសត្វដំរីឆ្លងកាត់ញឹកញាប់។ គោលដៅថ្មីនោះមានឈ្មោះថា «ទឹកធ្លាក់អូរស្រឡៅ»

នៅថ្ងៃដំបូង ក្រុមការងារ Fresh Adventure និងនារីចល័តចរបានស្នាក់នៅជំរំតង់ Sun Bear Volley Campsite នៃឃុំជីផាត និងបានចេញដំណើរទៅកាន់ទឹកធ្លាក់អូរស្រឡៅនៅថ្ងៃបន្ទាប់។ ក្នុងដំណើរផ្សងព្រេងនេះ យើងមានមគ្គុទ្ទេសក៍នាំផ្លូវម្នាក់ ហើយមានម៉ូតូកញ្ចាស់ជាមធ្យោបាយធ្វើដំណើរ។ នៅតាមផ្លូវយើងបានចូលដល់តំបន់សត្វព្រៃឆ្លងកាត់ញឹកញាប់ ពិសេសគឺសត្វដំរី ជ្រូកព្រៃជាដើម។ ប្រមាណ១ម៉ោងក្រោយមក ទើបយើងបានទៅដល់ទីដែលត្រូវទុកម៉ូតូ ហើយបន្តដំណើរដោយថ្មើរជើង រុកក្រោមព្រៃក្រាស់ ចុះតាមជម្រាលភ្នំ ឆ្ពោះទៅទីទឹកធ្លាក់ដែលកំបាំងក្នុងព្រៃនោះ។

គូប្រជែងដ៏ចម្បងរបស់ក្រុមការងារយើង គឺទាក ឬឈ្លើងគោក ដែលតាមប្រមាញ់តោងទាមបឺតឈាមឥតល្ហែ។ ចំណុចនេះដែរ យើងខ្ញុំសូមផ្ដល់ជាយោបល់ថា ប្រសិនបើអ្នកទេសចរឆ្លងកាត់ព្រៃដែលមានសត្វទាក គឺត្រូវមានរបស់ការពារមួយចំនួន ដូចជា ស្បែកជើងកវែង ស្រោមជើងវែងៗ ថ្នាំបណ្ដេញសត្វល្អិត ឬអាល់កុលជាដើម។ ផ្លូវចុះទៅផ្នែកខាងក្រោមទឹកធ្លាក់អូរស្រឡៅរាងស្តុកបន្តិច ប៉ុន្តែក៏មិនពិបាកពេកដែរ។

ទឹកធ្លាក់នោះពិតជាស្រស់ស្អាតមែនទែន ដោយកម្ពស់ទឹកធ្លាក់ប្រមាណជិត១០ម៉ែត្រ រង្វង់ទឹកធ្លាក់ប្រមាណ២០ម៉ែត្រជុំវិញ។ ទឹកត្រជាក់ល្ហឹម ថ្លាឈ្វេង អាចហែលលេងបានដោយសេរី។ បរិយាកាសក្នុងព្រៃក៏កាន់តែពិសេស ប្លែកពីទីទឹកធ្លាក់ដទៃ។ រីឯនារីចល័តចរនិងក្រុមការងារ Fresh Adventure ក៏សប្បាយនឹងហែលលេងកម្សាន្តដោយឥតសំចៃ។

នៅតំបន់នោះដែរ ក្រៅពីមានទឹកធ្លាក់ដ៏ស្រស់ត្រកាល ភ្ញៀវទេសចរក៏អាចគយគន់សម្រស់ធម្មជាតិ សត្វស្លាបចម្រុះប្រភេទចម្រុះពណ៌ប្លែកៗស្អាតៗគួរជាទីទាក់ទាញ ដូចជា សត្វកដប (Kingfisher) ត្រដេវតូច (Green Bee Eater) ក្រលីងក្រលោង លលកស្រុក លលកទ្រាំង សារិកាកែវ ឥន្ទ្រីជាដើម៕

សូមទស្សនាវីដេអូទី៥របស់ Fresh Adventure ដែលបានទៅដល់ទឹកធ្លាក់អូរស្រឡៅ និងសម្រស់សត្វស្លាបស្អាតៗមួយចំនួន៖