(ដូហា)៖ ៤ប្រកួតបញ្ចប់ពូល C និង D នៅព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតានោះ គឺក្រុមអូស្រ្តាលី បានកក់កៅអីទៅវគ្គ ១៦ក្រុមជាមួយបារាំង និងក្រុមប៉ូឡូញ ដឹកដៃគ្នាជាមួយអាហ្សង់ទីន ឡើងវគ្គបន្តដូចគ្នា។

២ប្រកួតបញ្ចប់ជុំទី៣ នៃពូល D គឺអូស្រ្តាលី បានយកឈ្នះដាណឺម៉ាក ១ទល់នឹង០ គ្រាដែលក្រុមការពារជើងឯកមាន់គកបារាំង លេងបង្គ្រប់កិច្ចជុំទី៣ នេះ ចាញ់ក្រុមទុយនេស៊ី ១-០។

ខណៈ ២ប្រកួតទៀតស្ថិតក្នុងពូល C វិញ ក្រុមអាហ្សង់ទីន បានយកឈ្នះក្រុមប៉ូឡូញ ២-០ នាមជាក្រុមឈរនៅកំពូលតារាង ដោយបានដឹងដៃគ្នាឡើងវគ្គបន្តផងដែរ ស្របពេលដែលក្រុមមិចសិច លេងឈ្នះអារ៉ាប៊ីសាអូឌីត ២-១ មុនត្រឡប់ទៅផ្ទះវិញដូចគ្នា។

នៅពេលនេះការប្រកួតបាល់ទាត់ពិភពលោក World Cup លើកទី២២ នេះ បានបញ្ចប់វគ្គសន្សំពិន្ទុអស់ ៤ពូលហើយរួមមានពូល A B C និងពូល D ដោយបានរកឃើញ ១០ក្រុមផងដែរឡើងទៅវគ្គ ១៦ក្រុមមានក្រុមប្រេស៊ីល, បារាំង, អូស្ត្រាលី, ប៉ូឡូញ, អាហ្សង់ទីន, ព័រទុយហ្គាល់, សេណេហ្គាល់, ហូឡង់, អាមេរិក, អង់គ្លេស ដ្បិតក្រុមប្រេស៊ីល និងព័រទុយហ្គាល់នៅសល់ ១ប្រកួតបង្គ្រប់កិច្ចជុំទី៣ ក្នុងដៃក៏ដោយ៕