(អាមេរិក)៖ ប្តីប្រពន្ធ Kim Kardashian និង Kanye West (Ye) ដែលទស្សនិកជនស្គាល់ថា សុទ្ធសឹងតែជាតារាចម្រៀងល្បីៗនោះ បានឈានដល់ការដោះស្រាយលែងលះជាផ្លូវការហើយ ខណៈ Ye ត្រូវរ៉ាប់រងការចំណាយរបស់កូនៗពួកគេ និងមានការបែងចែកទ្រព្យសម្បត្តិរបស់ពួកគេរួចរាល់។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ដកស្រង់ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមការចេញផ្សាយរបស់ New York Post បានឲ្យដឹងថា ទោះបីជាពួកគេមានកាតព្វកិច្ចលើកូនទាំង៤នាក់របស់ពួកគេក៏ដោយ ក៏ Kardashian នឹងទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់កូនកុមារចំនួន ២០០,០០០ ដុល្លារអាមេរិក ក្នុងមួយខែ ត្បិតថាកូនៗរបស់ពួកគេ នៅជាមួយនាង។ គូស្នេហ៍តារាល្បីនេះ បានរៀបការនៅឆ្នាំ២០១៤ ហើយ Kardashian បានដាក់ពាក្យលែងលះនៅឆ្នាំ២០២១ ដោយលើកឡើងពីការរស់នៅមិនចុះសម្រុងគ្នា និងមិនអាចផ្សះផ្សាបាន។

ព័ត៌មានលម្អិតនៃដំណោះស្រាយលែងលះនេះ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនដោយដកស្រង់ឯកសាររបស់តុលាការជាន់ខ្ពស់នៅ Los Angeles។ តែយ៉ាងណា ជុំវិញការចុះផ្សាយនេះ Reuters បានបញ្ជាក់ថា អ្នកនាំពាក្យ Kardashian បដិសេធមិនធ្វើអត្ថាធិប្បាយ ខណៈតំណាងរបស់ Ye មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយឡើយ៕