(បរទេស)៖ បន្ទាប់ពីបង្ហោះសារនៅលើ Twitter ជាបន្តបន្ទាប់ពីការដក Twitter ចេញពី App Store កាលពីប៉ុន្មានថ្ងៃមុននេះ ពេលនេះលោក Elon Musk បានបញ្ចេញសារថ្មីមួយទៀតថា នោះជា «ការយល់ច្រឡំ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

នៅថ្ងៃពុធម្សិលមិញនេះ នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk បានឱ្យដឹងថា លោកបានធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាលរបស់ Apple ដើម្បីជួបពិភាក្សាជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook។ តែយ៉ាងបន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុនទាំងពីរបានបញ្ចប់នោះ Musk បានបង្ហោះសារថ្មីមួយទៀតនៅលើ Twitter ដែលបង្ហាញពីវីដេអូនៅក្នុងបរិវេណ Apple ដែលលោកកំពុងតែនៅជាមួយលោក Cook អមជាមួយខ្លឹមសារថា «សូមអរគុណ Tim Cook ដែលបាននាំខ្ញុំទៅជុំវិញទីស្នាក់ការដ៏ស្រស់ស្អាតរបស់ Apple»

បន្ថែមពីនេះទៅទៀត Musk បានគូសបញ្ជាក់ថា កន្លងមកគ្រាន់តែជាការយល់ច្រឡំទេ ខណៈដែល Apple មិនដែលគិតគូររឿងដក Twitter ចេញពី App Store នោះឡើយ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃចន្ទ Musk បានចោទប្រកាន់ Apple ពីការគំរាមដក Twitter ចេញពី App Store របស់ខ្លួន ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ហើយក្រោយមកក៏ទទួលបានព័ត៌មានបន្ថែមថា Apple នឹងបញ្ឈប់ការផ្សាយពាណិជ្ជកម្មទាំងស្រុងនៅលើ Twitter ថែមទៀតផង៕