(សៅប៉ូឡូ)៖ លោក Pele អតីតវីរបុរសបាល់ទាត់ប្រេស៊ីលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Albert Einstein ស្ថិតក្នុងទីក្រុង Sao Paulo នាព្រឹកថ្ងៃពុធ គ្រាដែលកូនស្រីរបស់លោកបានបញ្ជាក់ថា ពុំមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ។

សារព័ត៌មាន ESPN របស់ប្រេស៊ីលបានរាយការណ៍ថា បុរសវ័យ ៨២ឆ្នាំខាងលើត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយមានលេចចេញរោគសញ្ញាហើមទូទៅនោះ ប៉ុន្តែកូនស្រីរបស់ Pele គឺនាង Kely Nascimento បានបង្ហោះនៅលើ Instagram ថា ពុំមានសញ្ញាអាក្រក់ណាមួយនោះទេ។

នាងថា សាព័ត៌មានជាច្រើនបានចុះផ្សាយពីបញ្ហាសុខភាពឪពុកខ្ញុំនៅថ្ងៃនេះ។ គាត់ចូលពេទ្យតាមការណាត់របស់វេជ្ជបណ្ឌិត និងបើកថ្នាំប៉ុណ្ណោះ។ ខ្ញុំនឹងនៅទីនោះសម្រាប់ឆ្នាំថ្មី និងសន្យាបង្ហោះរូបខ្លះផងដែរ។

នៅចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០២១ លោក Pele ដែលបានជួយសាំបាប្រេស៊ីលឈ្នះពាន World Cup ៣សម័យនោះ បានធ្វើការវះកាត់ដុំសាច់ចេញពីពោះវៀនធំ និងតទួលបានការព្យាបាលជាប្រចាំផងដែរនៅមន្ទីរពេទ្យ។

ប្រភពខាងលើដដែលក៏បានរាយការណ៍ដែរថា ថ្មីៗនេះលោក Pele ក៏មានបញ្ហាបេះដូង ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភក្នុងការព្យាបាល។

មកតល់បច្ចុប្បន្ន លោក Pele បានកំពុងកាន់កំណត់ត្រាស៊ុតបាន ៧២គ្រាប់សម្រាប់ប្រេស៊ីល ពីការចូលលេងបាន ៩២ប្រកួត និងជាអ្នកស៊ុតនៅ World Cup ៤សម៧យកាលផងដែរ ក្នុងចំណោមកីឡាករតែ ៤នាក់ប៉ុណ្ណោះ៕