(បរទេស)៖ គ្រប់ផលិតផលស្មាតហ្វូននៅក្នុងទីផ្សារប្រទេសចិនដែលត្រៀមដាក់បង្ហាញក្នុងអំឡុងខែធ្នូនេះ ទំនងជាមិនលេចចេញវត្តមាននោះទេ។ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើ Weibo បានបង្ហាញថា ក្រុមហ៊ុនចិនធំៗរួមមាន Xiaomi, Huawei, iQOO និង Media Tek បានប្រកាសជាសារធារណៈដោយសុំពន្យាពេលការចេញលក់ផលិតផលថ្មីមួយរយៈសិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

ទាក់ទិននឹងការសុំពន្យាពេលនេះ ដោយសារតែការទទួលមរណៈភាពរបស់លោក Jiang Zemin ដែលជាអតីតអគ្គលេខាធិការបក្សកុម្មុយនីស្តចិន កាលពីពេលថ្មីៗកន្លងទៅ។ ជុំវិញករណីនេះស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi គឺ Xiaomi 13 ដែលគ្រោងចេញលក់នៅថ្ងៃទី០១ ខែធ្នូជាមួយនឹងដំណើរការ MIUI គឺត្រូវបានពន្យាពេលទៅមុខបន្តទៀត។ ដោយឡែកចំពោះក្រុមហ៊ុន Huawei ដែលត្រៀមដាក់បង្ហាញ នាឡិកាជំនាន់ថ្មីរបស់ខ្លួនក៏បានពន្យាពេលប្រកាសចេញដែរ រីឯម៉ូដែល iQOO 11 និង iQOO Neo7 SE ជំនាន់ថ្មីដែលគ្រោងប្រកាសចេញនៅថ្ងៃទី០២ ខែធ្នូ ជាមួយបន្ទះឈីប Media Tek នឹងត្រូវបានរំកិលពេលវេលាទៅមុខផងដែរ។

តែយ៉ាងចំពោះពេលវេលាជាក់លាក់ក្នុងការប្រកាសចេញផលិតផលជាផ្លូវការ ក្រុមហ៊ុនចិនធំៗទាំងនេះនឹងប្រាប់តាមក្រោយម្តងទៀត៕