(សៀមរាប)៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងស្តីពីការបង្កើត TTA DRIVER APP ដើម្បីអនុញ្ញាតឱ្យភ្ញៀវជាតិ និងអន្តរជាតិ បញ្ជាកក់សេវាដឹកជញ្ជូនតាមប្រព័ន្ធ Digital «Mobility as a Service ( MaaS)» រវាងសមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA) ជាមួយក្រុមហ៊ុន SOKEN, Inc. នៃប្រទេសកាណាដា និងក្រុមហ៊ុន Haystack Labs Studio Co., Ltd នៃប្រទេសជប៉ុន ត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក Masaki KAWAGUCHI ប្រធានការិយាល័យកុងសុលជប៉ុន ប្រចាំខេត្តសៀមរាប និងមានការចូលរួមដោយផ្ទាល់ពី បណ្តាតំណាងក្រុមហ៊ុន អស់លោក លោកស្រី ជាសមាជិក សមាជិកា នៃសមាគមដឹកជញ្ជូនទេសចរណ៍ (TTA) ប្រមាណជា ៣០០នាក់ ។

លោក កៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប (STC/ Siem Reap Tourism Club) បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាស្រ្ត នៅក្នុងអារម្ភកថា នៅក្នុងសេចក្តីថ្លែងការណ៍ នៃការដាក់ឱ្យការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់អាទិភាពដល់ការដាក់ឱ្យអនុវត្តជាក់ស្តែងនូវផែនការមេនេះ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាមាសបៃតងយ៉ាងពិតប្រាកដ និងជាវិស័យដែលចូលរួមដល់ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០។

លោកបន្តថា យោងតាមអនុសាស្រ្តនេះ ក្លឹបទេសចរណ៍ខេត្តសៀមរាប តែងតែព្យាយាម ក្នុងការជួយជ្រោមជ្រែង រួមជាមួយ ថ្នាក់ដឹកនាំខេត្ត មន្ទីរទេសចរណ៍ អជ្ញាធរអប្សារា គណ:កម្មការ ស.ស.យ.ក ខេត្ត ស្ថាប័ន ឯកជន និងរួមជាមួយនិងដៃគូរអភិវឌ្ឍន៍ផ្សេងៗ ដើម្បីរៀបចំបង្កើតកម្មវិធីនានា ក្នុងន័យចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍របស់ខេត្តសៀមរាប។

ថ្លែងពីចម្ងាយតាមប្រព័ន្ឋវីដេអូ លោក Jan SCAZIGHINO ប្រធានការិយាល័យស្ថានកុងស៊ុលកាណាដា ប្រចាំកម្ពុជា លើកឡើងថា លោកនាយករដ្ឋមន្រ្ដី Justin Trudeau បានធ្វើដំណើរចុះទៅទស្សនកិច្ចនៅឯប្រទេសកម្ពុជា។ ស្របពេលនោះ ក៏បានសម្រេចចិត្តនូវគោលបំណងមួយសម្រាប់អាស៊ាន និងដើម្បីឱ្យប្រទេសកាណាដា ក្លាយជាដៃគូរសហការផ្នែកពាណិជ្ជកម្ម និងអាជីវកម្មសម្រាប់អាស៊ាន។

«បានន័យថា ផ្នែកពាណិជ្ជកម្មនិងអាជីវកម្មរបស់ពួកយើង កំពុងស្ថិតនៅក្នុងការចរចារដ៏ស៉ីជម្រៅមួយ សម្រាប់កិច្ចព្រមព្រៀង រវាង អាស៊ាននិងកាណាដា។ ឥឡូវនេះយើងដឹងហើយថាប្រទេសកម្ពុជា កំពុងមានការផ្ដល់ជូននូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរទេសចរណ៍ល្អបំផុតលើពិភពលោក ជាមួយនឹងប្រាសាទអង្គរវត្ត ហើយការចូលរួមរបស់ក្រុមហ៊ុន Haystack និងការផ្ដល់ជូននូវដំណោះស្រាយ គឺជាកិត្តយស និងភាពជាឯកសិទ្ធមួយសម្រាប់ពួកយើង»។ នេះបើតាមលោក Jan ។

ក្នុងឱកាសនោះដែរ លោក Masaki KAWAGUCHI ប្រធានការិយាល័យកុងសុលជប៉ុន ប្រចាំខេត្តសៀមរាប បានលើកផងដែរថា ការអភិវឌ្ឍកម្មវិធី ឌីជីថល MaaS ដែលជាកម្មវិធីមួយសម្រួលដល់ការបញ្ជាកក់ពីចម្ងាយ នូវសេវាដឹកជញ្ជូនពីជាមួយក្រុមហ៊ុន ឬភ្នាក់ងារទេសចរណ៍ មានប្រសិទ្ធិភាពជាងមុន ។ បន្ថែមជាងនេះទៅទៀត ជាមួយការបើកដំណើរការព្រលានយន្តហោះថ្មី នៅឆ្នាំក្រោយនឹងផ្តល់នូវក្តីសង្ឃឹមថា ភ្ញៀវទេសចរនឹងមានកំណើនមកកាន់ទឹកដីប្រវត្តិសាស្ត្រកម្ពុជាមួយនេះ។

លោកសង្ឃឹមថា គម្រោងកម្មវិធី ឌីជីថល MaaS នឹងត្រូវបានគាំទ្រ មិនត្រឹមតែសម្រាប់អ្នកទេសចរប៉ុណ្ណោះទេ តែក៏សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅទីនេះផងដែរ ។

គម្រោងកម្មវិធី ឌីជីថល MaaS ជាសង្ខីភាពមួយបញ្ជាក់បន្ថែមទៅលើចំណងមិត្ត ភាពដ៏យូរអង្វែងរឹងមាំ រវាងកម្ពុជា និង ជប៉ុន ហើយប្រទេសទាំងពីរកំពុងធ្វើការលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ នៅកម្ពុជា ដែលគម្រោងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ។

ថ្លែងសំណេះសំណាលនិងអបអរសាទរក្នុងពេលនោះ អ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណ ចំពោះការិយាល័យស្ថានកុងស៊ុលកាណាដាប្រចាំកម្ពុជា ជាពិសេសមិត្តជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋកម្ពុជា នៅលើគ្រប់វិស័យ ។ ជាក់ស្តែងលើការផ្តួចផ្តើមរៀបចំឱ្យបងប្អូនប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរ នៃសមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA) ឱ្យចេះកម្មវិធី ឌីជីថល MaaS ដែលជាកម្មវិធីមួយសម្រួលដល់ការកក់យានជំនិះពីបណ្តា សណ្ឋាគារ ឬភ្នាក់ងារទេសចរណ៍ កាន់តែមានប្រសិទ្ធិភាពជាងមុន ។