(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតកីឡាជាតិ លើកទី៣ កាលពីថ្មីៗ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា អះអាងថា មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ គឺមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ត្រៀមដំណើរឆ្ពោះទៅទទួលរៀបចំ និងប្រជែងមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

លោកថា ការប្រកួតកីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ កីឡាករបានត្រៀមលក្ខណៈយ៉ាងល្អ ក្នុងការប្រកួតប្រកបដោយភាពស្វិតស្វាញបំផុត។ មូលហេតុនៃការកើនឡើងសមត្ថភាព និងកម្រិតបច្ចេកទេសរបស់កីឡាករ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍធនធានកីឡាករ ឈានឆ្ពោះទៅទទួលបានជោគជ័យ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

ចំណែកគណៈកម្មការបច្ចេកទេស មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ក៏បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរផងដែរ ដែលស្ដែងឲ្យឃើញពីការមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីត្រៀមដឹកនាំ និងរៀបចំការប្រកួតស៊ីហ្គេម ។ សហព័ន្ធបានវាយតម្លៃជារួម ដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងប្រើអស់សមត្ថភាពបច្ចេកទេស និងអនុវត្តបានល្អនូវស្មារតី សាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តបានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌ ទើបជំរុញឲ្យការប្រកួតនេះ បញ្ចប់ដោយជោគជ័យ ។ លោក ប៊ុយ សុភ័ណ្ឌ បន្ថែម ។

ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះ ក្នុងចំណោម ៩វិញ្ញាសា គឺក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ១ ដណ្ដើមបានមេដាយមាស៥ និងប្រាក់១, លេខ២ ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣, លេខ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤ គ្រាដែលខេត្តកណ្តាល ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ឈរលេខ៤ ៕