(ភ្នំពេញ)៖ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីបំពាក់មេដាយប្រភេទកីឡាប៊ូល និងប៉េតង់ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ។

នាឱកាសនោះ លោក សុខ សូកាន បានលើកឡើងថាគុណតម្លៃដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាននៃកត្តាសន្តិភាព និងការគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យកម្ពុជា អាចបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើ គ្រប់វិស័យ បានផ្ដល់ឱកាសដល់ព្រះរាជាណាចក្រកកម្ពុជា អាចរៀបចំការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ក្រោមប្រធានបទ «មានសន្តិភាព មានការអភិវឌ្ឍវិស័យកីឡានិងកីឡាជនពិការ»។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមចូលរួមអបអរសាទរ ចំពោះជោគជ័យដ៏ឧដុង្គឧត្ដមរបស់ប្រទេសកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងសភាកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំមហាសន្និតបាតអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ បានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យគួរជាទីមោទនៈ ហើយបានលើកតម្កើងឧត្ដមភាពជាតិនៅក្នុងឆាកអន្តរជាតិដែលកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមសម្របសម្រួលស្វែងរកសន្តិភាពជូនពិភពលោក។ ជាមួយគ្នានេះ ក៏សូមអបអរសាទរព្រះរាជាណាចក្រកម្ពុជាក្នុងការ ចុះបញ្ជី គុនល្បុក្កតោ ជាបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិ ដែលនេះបង្ហាញយ៉ាងច្បាស់ថាប្រទេសកម្ពុជាជា មហាអំណាចវប្បធម៌។

សហព័ន្ធកីឡាប៊ូល និងប៉េងត់កម្ពុជា បាយបញ្ជាក់ថាការចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នេះ បានជំរុញដល់ការកសាង ដុសខាតសមត្ថភាព ទេពកោសល្យ និងគុណផលកីឡាករ កីឡាការិនីយើងត្រៀមខ្លួនឆ្ពោះទៅការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាSEA Games និងកីឡា ASEAN Para Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ ហើយនេះគឺជាកិត្តិយស និងមោទកភាពជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យកីឡារបស់កម្ពុជា។

សហព័ន្ធកីឡាប៊ូល និងប៉េងត់កម្ពុជា សូមអបអរសាទរចំពោះលទ្ធផលនៃការប្រកួតរយៈពេល៦ថ្ងៃនេះ ដល់សម្ព័ន្ធ-ក្លិប និងស្ថាប័នដែលទទួលបានជោគជ័យក្នុងការប្រកួតមានជាអាទិ៍៖

ក្រសួងការពារជាតិ (មេដាមាស៦គ្រឿង មេដាយ ប្រាក់១គ្រឿង) ក្រសួងមហាផ្ទៃ (មេដាមាស១គ្រឿង មេដាយប្រាក់៣គ្រឿង មេដាយសំរឹទ្ធ២គ្រឿង) ខេត្តតាកែវ (មេដាមាស១គ្រឿង មេដាយសំរឹទ្ធ១គ្រឿង) ខេត្តបាត់ដំបង (មេដាមាស១គ្រឿង មេដាយសំរឹទ្ធ៣គ្រឿង) ខេត្តស្វាយរៀង (មេដាយប្រាក់១គ្រឿង) ខេត្តប៉ៃលិន(មេដាយប្រាក់១គ្រឿង) រាជធានីភ្នំពេញ(មេដាយប្រាក់១គ្រឿង) ខេត្តកណ្ដាល (មេដាយប្រាក់១គ្រឿង) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (មេដាយប្រាក់១គ្រឿង) និងខេត្តកំពង់ចាម(មេដាយសំរឹទ្ធ១គ្រឿង)។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធនាការ #BeyondTheGames ដែលមានមូលបទថា បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការសាទរកម្ពុជាដែលត្រៀមនឹងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣។

នៅថ្ងៃទី២៣ ដល់២៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងរៀបចំការប្រកួតពានគរុគុណដែលជាការរំលឹកដល់គុណូបការៈរបស់ថ្នាក់ដឹកនាំស្ថាបនិកសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺសម្ដេចវិបុលបញ្ញាសុខ អាន និងសម្ដេចក្រឡាហោម ស ខេង ព្រមជាមួយការអបអរដល់ខួប៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕