(បរទេស)៖ សហភាពអ៊ឺរ៉ុបបានព្រមានក្រុមហ៊ុន Twitter ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Elon Musk ជាមួយនឹងការហាមឃាត់ ឬពិន័យប្រមាណ ៦ភាគរយនៃប្រាក់ចំណូលសកលរបស់ខ្លួន ប្រសិនបើមិនព្រមអនុវត្តតាមច្បាប់សម្របសម្រួលមាតិកាដែលនឹងត្រូវបានកំណត់ឱ្យចូលជាធរមាននៅឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Thierry Breton ដែលជាស្នងការសហភាពអឺរ៉ុបទទួលបន្ទុកអនុវត្តច្បាប់ឌីជីថលរបស់សហជីពបានធ្វើការព្រមាន Musk ក្នុងអំឡុងពេលកិច្ចប្រជុំជាវីដេអូកាលពីថ្ងពុធ។ ជុំវិញបញ្ហានេះលោកបានសង្កត់ធ្ងន់ទៅកាន់ Musk ទាក់ទិននឹងការពង្រឹង ក៏ដូចជាការប្រកាន់ខ្ជាប់នូវបញ្ជីត្រួតពិនិត្យច្បាប់ រួមទាំងការលុបចោលនូវរាល់វិធីសាស្រ្ត«បំពាន» របស់ខ្លួនក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលត្រូវបានហាមឃាត់ត្រឡប់មកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឡើងវិញ។

លើសពីនេះទៅទៀតលោក Breton បានអំពាវនាវឱ្យ Musk អនុវត្តច្បាប់យ៉ាងតឹងរ៉ឹងជុំវិញការផ្សាយពាណិជ្ជកម្ម ដូចជាការហាមប្រាមលើការកំណត់ការប្រើប្រាស់របស់កុមារ ឬការប្រើប្រាស់ព័ត៌មានមិនពិតមួយចំនួនដូចជាជំនឿសាសនា និងនយោបាយជាដើម។

ប្រភពដដែលបានបញ្ជាក់ថា ប្រសិនបើ Musk មិនអនុវត្តតាមច្បាប់ទាំងនោះ ក្រុមហ៊ុន Twitter នឹងប្រឈមមុខនឹងការបំពានច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ដែលនឹងកំណត់ឱ្យចូលជាធរមាននៅឆ្នាំក្រោយនេះ។ ដូច្នេះរាល់ការប្រព្រឹត្តិខុសពីបទបញ្ញត្តិ Twitter អាចនឹងត្រូវហាមឃាត់ពីការប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបទាំងមូលតែម្តង៕