(ដូហា)៖ អាល្លឺម៉ង់ ដែលជាជើងឯក World Cup 2014 នោះបានបន្តជ្រុះក្នុងពូលជាលើកទី២ ទៀតគិតតាំងពីឆ្នាំ២០១៨ មក ស្របពេលសាម៉ូរៃជប៉ុន និងម៉ារ៉ុកបង្ហាញភាពខ្លាំងដូចគ្នានៅ FIFA World Cup 2022 ក្នុងប្រទេសកាតា។

ក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុកបានបញ្ចប់ក្នុងតំណែងកំពូលតារាងនៃពូល F ក្រោយយកឈ្នះកាណាដា ២ទល់នឹង១ នាម៉ោង ១០យប់មិញនេះ ជាមួយនឹងការលេង ៣ប្រកួតមិនចាញ់ឡើយ រកបាន៧ពិន្ទុ តាមពីក្រោយដោយក្រូអាត ដែលជាក្រុមរងជើងឯកកាលពី ៤ឆ្នាំមុន នៅពេលលេងស្មើ ០-០ ជាមួយប៊ែលហ្សិកនោះ។

ចំណែកឯ ២ប្រកួតបញ្ចប់ជុំទី៣ នៃពូល E វិញ ជប៉ុន និងអេស្ប៉ាញបានដឹកដៃគ្នាឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀត គ្រាដែលជប៉ុនឈរនៅកំពូលតារាង ក្រោយលេងឈ្នះអេស្ប៉ាញ ២ទល់នឹង១ ហើយអាល្លឺម៉ង់យកឈ្នះគូប្រជែងកូស្តារីកា ៤-២ នាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា កូស្តារីកា ក្រុមពីតំបន់អាមេរិកខាងជើង និងអតីតជើងឯក World Cup ៤សម័យកាលអាល្លឺម៉ង់ បន្តហាលត្រឹមវគ្គចែកពូលជាលើកទី២ទៀត ក្នុងនាមជាក្រុមជើងខ្លាំងមួយនៅតំបន់អឺរ៉ុប ដ្បិតកាល World Cup 2018 នៅរុស្សី បានចាញ់កូរ៉េខាងត្បូង ២-០ នៅថ្ងៃបិទបញ្ចប់ពូល៕