(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មការរៀបចំពិធីបើក-បិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ស្ដីពីព្រឹត្តិការណ៍កីឡាជាតិ ដែលទើបបិទបញ្ចប់ដោយជោគជ័យកាលពីថ្មីៗ។

សេចក្ដីថ្លែងការណ៍ដែលអង្គភាព Fresh News ទើបទទួលបានព្រឹកនេះ មានខ្លឹមសារដូចខាងក្រោម៖

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំពិធីបើក-បិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ សូមជូនដំណឹងថា ព្រឹត្តិការណ៍បើក និងបិទកីឡាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីបើកផ្លូវការកាលពីថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

នេះជាព្រឹត្តិការណ៍ជាតិ ដែលកម្មវិធីទាំងមូល ត្រូវបានផ្សព្វផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយជាតិ និងបណ្តាញផ្សព្វផ្សាយសង្គមយ៉ាងទូលំទូលាយ។ រាល់ការរអាក់រអួល ឬការខកខានណាមួយដោយអចេតនា គឺជាកំហុសបច្ចេកទេសប៉ុណ្ណោះ។ ដោយឡែកគណៈកម្មការរៀបចំ សូមរក្សាសិទ្ធិ ក្នុងការសម្រេចប្រគល់សិទ្ធិផ្សាយបន្តផ្ទាល់ ដល់វិស័យឯកជនណាមួយ។ សេចក្តីថ្លែងការណ៍នេះ ឆ្លើយតបតាមមតិយោបល់សាធារណជនមួយចំនួន នៅតាមបណ្តាញផ្សព្វផ្សាយសង្គម ដែលខកខានមិនបានទស្សនាតាមបណ្តាញផ្សព្វផ្សាយសង្គមណាមួយ។

បន្ថែមលើនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំពិធីបើក-បិទកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការគាំទ្រដ៏ច្រើនកុះករ និងសូមបន្តចូលរួមគាំទ្រកីឡាជាតិ។ កីឡារស់ក្នុងសន្តិភាព។

គួរដឹងថា កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ បានដំណើរការការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដោយកីឡាជាតិ (ជនមិនមានពិការភាព) មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៣,៣៣៦នាក់ មកពី ២៥រាជធានី-ខេត្ត និង ៣ក្រសួង ប្រកួតលើ ៣៨ប្រភេទកីឡា ស្មើនឹង ៣៣៤វិញ្ញាសា។ រីឯកីឡាជាតិជនពិការ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២១៣នាក់ មកពី ១៥រាជធានី-ខេត្ត ដែលប្រកួតលើ ៧ប្រភេទកីឡា ស្មើនឹង ៤៥វិញ្ញាសា។

ព្រឹត្តិការណ៍កីឡាជាតិនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីវាស់ស្ទង់ និងតេស្ដសាកល្បងលើកចុងក្រោយ ទាំងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួត ការទទួលបដិសណ្ឋារកិច្ច ការរៀបចំទីលានប្រកួត ពិសេសពិធីបើក-បិទជាដើម ដើម្បីបាញ់ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ ក្រោយកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕