(អាល់រេយ៉ាន)​៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ លោក Fernando Santos បានលើកឡើងថា វត្តមានរបស់កីឡាករ Cristiano Ronaldo គឺស្ថិតក្នុងសំណួរនៅឡើយ សម្រាប់ការប្រកួតបិទពូល H របស់ពួកគេ ប៉ះក្រុមកូរ៉េខាងត្បូងនៅថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ប្រធានក្រុមបច្ចខែលព័រទុយហ្គាល់ វ័យ ៣៧ឆ្នាំរូបនេះ បានខកខានការហ្វឹកហាត់ នៅថ្ងៃពុធ ហើយបានធ្វើលំបាត់ប្រាណ ដើម្បីស្តារឡើងវិញ ស្របពេលក្រុមរបស់លោក បានឡើងផុតរួចទៅហើយ សម្រាប់វគ្គជម្រុះក្នុងពូលនោះ លោកអាចសម្រាកបាន នៅពេលប៉ះកូរ៉េខាងត្បូង បើទោះបីជាលោកអាចប្រកួតបានក្តី។

«ខ្ញុំគិតថា វាគឺ ៥០-៥០ ថាតើលោកនឹងលេងឬអត់នោះ»។ នេះបើតាមសម្តីលោក Santos បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍។

«វានឹងផ្អែកទៅលើការហ្វឹកហាត់របស់លោកនាថ្ងៃនេះ។ ប្រសិនបើយើងមើលឃើញថា មានស្ថានភាពល្អ...មានផែនការមួយ ប្រសិនបើគាត់មិនអាចលេងបាន»

បន្ទាប់ពីបានឈ្នះហ្គាណា និងអ៊ុយរូហ្គាយនោះ ព័រទុយហ្គាល់បានឈរនៅកំពូលតារាង ដោយមាន ៦ពិន្ទុ ហើយអាចធានាចំណាត់ថ្នាក់កំពូលរបស់ខ្លួន បើទោះបីជាទទួលបានលទ្ធផលស្មើ ឬក៏ឈ្នះក្តី។ កូរ៉េខាងត្បូង នៅមានឱកាសតិចតួចប៉ុណ្ណោះ ក្នុងការឡើងទៅវគ្គបន្ត៕