(ដូហា)៖ ខ្សែការពារ Ben White បានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេស លេងនៅឯព្រឹត្តិការណ៍ World Cup នាប្រទេសកាតា ដើម្បីវិលត្រឡប់ទៅផ្ទះវិញ ដោយសារហេតុផលផ្ទាល់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

កីឡាករដែលលេងនៅក្លិប Arsenal រូបនេះ មិនត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ទៅកាន់កាតាវិញ ដើម្បីចូលរួមប្រកួត ជាមួយនឹងការប្រកួតដែលនៅសល់ នៃព្រឹត្តិការណ៍លំដាប់ពិភពលោកនេះទេ នេះបើតាមក្រុមជម្រើសជាតិអង់គ្លេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «យើងសុំឲ្យឯកជនភាពរបស់កីឡាករ ត្រូវបានគោរពនាពេលនេះ»

កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានលេង ៤លើកឲ្យក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែមិនបានបង្ហាញខ្លួននោះទេ សម្រាប់ក្រុមតោកំណាច់ សម្រាប់ការប្រកួត World Cup លើកនេះ ខណៈពួកគេបញ្ចប់ ដោយលទ្ធផលឈរនៅកំពូលតារាងពូល B។

លោកមិនត្រូវបានជ្រើសរើស សម្រាប់ការប្រកួតបើកឆាកក្នុងពូល ២លើកដំបូង ដែលលេងឈ្នះអ៉ីរ៉ង់ និងវេលស៍នោះទេ៕