(ដូហា)៖ ៤ប្រកួតនាយប់នេះនៅ FIFA World Cup 2022 គឺដើម្បីបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល G និង H ចុងក្រោយគេនៅប្រទេសកាតា ខណៈកូរ៉េខាងត្បូង ត្រូវការ ៣ពិន្ទុដាច់ខាតពីក្រុមព័រទុយហ្គាល់ ក្នុងការមានឱកាសឡើងវគ្គ ១៦ក្រុមជាបន្ត។

២ប្រកួតបើកឆាកនាម៉ោង ១០យប់ដំណាលគ្នាថ្ងៃសុក្រ ទី០២ ខែធ្នូនេះ ក្រុមហ្គាណា ត្រូវប៉ះអ៊ុយរ៉ាហ្គាយ នាកីឡដ្ឋាន Al Janoub, ស្របពេលកូរ៉េខាងត្បូង ជួបក្រុមកំពូលតារាង ព័រទុយហ្គាល់ នាកីឡដ្ឋាន Education City។

កូរ៉េខាងត្បូង កំពុងឈរនៅលេខ៣ ក្នុងពូល H ជាបណ្តោះអាសន្ន មាន១ពិន្ទុស្មើក្រុមបាតតារាង អ៊ុយរ៉ាហ្គាយ។ គ្រាដែលក្រុមហ្គាណា ឈរលេខ២ មាន ៣ពិន្ទុ និងព័រទុយហ្គាល់ ឈរកំពូលតារាងមាន ៦ពិន្ទុពេញ ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា។

រីឯ ២ប្រកួតទៀតក្នុងពូល G វិញ គឺជាការជួបគ្នារវាងក្រុមសាំបាប្រេស៊ីល និងកាមេរូន គ្រាដែលស្វីស ជួបស៊ែប៊ី នាម៉ោង ២យប់ដំណាលគ្នាឈានចូលព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ (ម៉ោងនៅកម្ពុជា)៕