(ភ្នំពេញ)៖ លោកសរ សិទ្ធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានសុខសន្ដិភាព បានធ្វើឲ្យកីឡាករ-កីឡាការិនីមានឱកាសបង្ហូរញើស ដើម្បីសុខភាព និងដណ្ដើមឧត្តមភាពលើឆាកអន្ដរជាតិជូនជាតិ ផ្ទុយពីសម័យសង្គ្រាម ដែលយុទ្ធជនខ្មែរ តស៊ូបង្ហូរឈាមដើម្បីយកជ័យជម្នះលើខ្មាំងសត្រូវ ។

ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមពិធីបិទការប្រកួតកីឡាសូហ្វតិន្នីស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ កាលពីថ្មីៗ ។ លោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដ៏សំខាន់នេះ ហើយលោកបានជំរុញទាំងគណៈកម្មការ មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ-កីឡាការិនី ត្រូវខិតខំបន្ថែមទៀត ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

ឆ្លៀតឱកាសនោះ លោកបានបញ្ជាក់ថា «ជាការពិត កាលពីស័យសង្គ្រាមយុទ្ធជនរបស់យើង បង្ហូរឈាមក្នុងសមរភូមិដើម្បីយកជ័យជម្នះលើខ្មាំងសត្រូវ ប៉ុន្ដែបច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្ដិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទើបកីឡាករ-កីឡាការិនីរបស់យើង មានឱកាសបង្ហូរញើសនៅលើទីលាន ដើម្បីសុខភាពផង និងដើម្បីប្រកួតប្រជែងយកជ័យជម្នះ និងកិត្តិយស កិត្យានុភាពជូនគ្រួសារ អង្គភាព និងសង្គមជាតិ ដូចទៅនឹងប្រសាសន៍របស់សម្ដេចតេជោ “មានសន្ដិភាព ទើបមានកីឡា”»

គួរដឹងថា ការប្រកួតកីឡាសូហ្វតិន្នីស ក្នុងកីឡាជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨១នាក់ មកពី ៧ក្រសួង និងខេត្ត។ ជាលទ្ធផលក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ៦ និងសំរឹទ្ធ ១ ខណៈខេត្តត្បូងឃ្មុំ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ២ ឈរលេខ២ ។

រីឯខេត្តកណ្ដាល ឈ្នះមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ ឈរលេខ៣, ក្រសួងការពារជាតិ ឈ្នះមេដាយប្រាក់ ឈរលេខ៤, ខេត្តកំពង់ស្ពឺ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៥, ខេត្តព្រៃវែង ឈ្នះមេដាយប្រាក់ ១ ឈរលេខ៦ និងខេត្តកំពង់ឆ្នាំង ឈ្នះមេដាយសំរឹទ្ធ ១ ឈរលេខ៧ ៕