(បរទេស)៖ ក្រុមចម្រៀង K-pop BTS បានឈ្នះពានរង្វាន់សរុបចំនួន៦ ក្នុងនោះមានពានធំៗចំនួន៣ នៅឯ MAMA Awards ឆ្នាំ ២០២២ រួមទាំង MAMA Platinum ជាពានរង្វាន់កំពូល ខណៈកម្មវិធីនេះបានប្រារព្ធធ្វើឡើង នៅក្នុងប្រទេសជប៉ុនរយៈពេលពីរថ្ងៃជាប់គ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីពានរង្វាន់តន្ត្រីអាស៊ី MAMA (ម៉ាម៉ា) ឆ្នាំ២០២២ នេះ ត្រូវបានគេដឹងថា មានក្រុមតារាចម្រៀង K-POP ជាច្រើនក្រុមបានជួបជុំគ្នា ដែលបានរៀបចំដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ ក្រោយពីជំងឺកូវីដ១៩បានធូរស្បើយ។

ជាលទ្ធផលក្រុមចម្រៀង BTS បានឈ្នះពានរង្វាន់ធំៗចំនួនបី ក្នុងចំណោមពានរង្វាន់ធំៗទាំងបួនរបស់កម្មវិធីនេះ ដែលក្នុងនោះមានពាន «សិល្បករប្រចាំឆ្នាំ» ពាន «អាល់ប៊ុមប្រចាំឆ្នាំ» និងពាន «Worldwide Icon» ខណៈដែលពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ បានទៅលើបទចម្រៀង «Love Dive» របស់ក្រុមនារីជំនាន់ថ្មី Ive។ ប្រការនេះបានធ្វើឲ្យ BTS ក្លាយ​ជា​តារា​ចម្រៀង K-pop ដំបូង​គេ​ដែល​ឈ្នះ​ក្នុង​ប្រភេទ​ពានសំខាន់​ នៃ​ពិធី​ប្រគល់​ពាន​រង្វាន់នេះ ក្នុងរយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ជាប់​គ្នា​ចាប់​តាំង​ពី​ឆ្នាំ ២០១៦។

បន្ថែមពីលើការឈ្នះពានធំៗទាំងបី ក្រុម BTS ក៏ទទួលបានពានរង្វាន់ថ្មីមួយជាពានរង្វាន់ធំបំផុតឈ្មោះថា «MAMA Platinum » និងពានរង្វាន់ «Worldwide Fan», ពាន «ក្រុមចម្រៀងបុរសឆ្នើម» ដែលធ្វើឲ្យ BTS ជាក្រុមឈ្នះពានច្រើនជាងគេសរុបចំនួន ៦ពានឯណោះ៕