(ភ្នំពេញ)៖ ការដាក់បញ្ចូល “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្មីៗ បានធ្វើឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ទាំងប្រុស-ស្រី មានមោទនភាពក្រែលែង ដែលក្បាច់គុនជាសម្បត្តិរបស់បុព្វបុរសខ្មែរ ត្រូវបានទទួលស្គាល់ពីពិភពលោក ។

ទន្ទឹមជាមួយភាពសប្បាយរីករាយនេះដែរ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភាព និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានសម្ដែងការសោកស្ដាយ ដោយសារព្រឹទ្ធាចារ្យ និងលោកគ្រូតាជាច្រើន ដែលបានខិតខំតស៊ូក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនល្បុក្កតោ មិនបានឃើញភាពជោគជ័យ នៃការចុះបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅពេលនេះ ។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំកម្មវិធីអបអរសាទរ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីម្សិលមិញ ដោយបានបង្ហាញនូវមោទនភាពជាតិ ចំពោះការដាក់បញ្ជូលគុនល្បុក្កតោក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្ដររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅ ។

លោកថា «នេះគឺជាជោគជ័យប្រកបដោយមោនទភាពជាតិដ៏ធំធេង ដែលកើតចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់ ។ ជោគជ័យនេះគឺជាសក្ខីភាពបង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងសាលាគុន ព្រឹទ្ធាចារ្យ លោកគ្រូតា និងសិស្សគុនល្បុក្កតោទាំងអស់តាមបណ្តារាជធានីខេត្តទូទាំងប្រទេស ។

ប៉ុន្ដែអ្វីដែលប្រធានសហព័ន្ធខាងលើសោកស្ដាយ លោកបានបញ្ជាក់ថា «ក្នុងឱកាសដ៏សប្បាយរីករាយនេះ ខ្ញុំនៅតែស្តាយថា លោកគ្រូតាជាច្រើនរូបបានបាត់បង់ជីវិតជាបន្តបន្ទាប់។ ហើយនៅពេលនេះ ប្រសិនបើពួកគាត់នៅមានជីវិត មិនដឹងពួកគាត់សប្បាយចិត្តខ្លាំងប៉ុណ្ណានោះទេ។ យើងសប្បាយ១ ពួកគាត់សប្បាយ១០។ បើយើងសប្បាយ១០ ពួកគាត់សប្បាយ ១០០ដង។ នេះជាហេតុផលមួយ ដែលយើងទាំងអស់គ្នា ត្រូវចងចាំនូវការខិតខំតស៊ូយ៉ាងច្រើនរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ហើយខ្ញុំសូមឧទ្ទិសនូវស្នាដៃដ៏ធំធេងនេះជូនដល់ពួកគាត់»។

យ៉ាងណាក្ដីលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានសង្កត់ធ្ងន់ថា «នេះជាមោទកភាពជាតិកម្ពុជា ដែលប្រជាជននៅលើពិភពលោកបានទទួលដឹងឮរួចហើយនូវគុនល្បុក្កតោ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ បើយើងមិនបានបំពេញលក្ខខណ្ឌបានពេញលេញនោះទេ អង្គការយូណេស្កូនឹងដកទៅវិញ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាការពារឲ្យបានល្អប្រសើរនូវភាពជោគជ័យនេះ» ។

ជាមួយគ្នានោះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទូចស្នើសុំដល់អ្នកពាក់ព័ន្ធក្នុងវិស័យគុនល្បុក្កតោទាំងអស់ ត្រូវបន្តការខិតខំថែរក្សាក្បាច់គុនព្រលឹងជាតិមួយនេះឲ្យកាន់តែល្អប្រសើរ។ លោកថា «ប្រសិនបើយើងមិនថែរក្សាបានល្អនោះទេ គឺទី១ គេព្រមាន។ ទី២ គេនឹងព្យួរ ហើយទី៣ គឺនឹងដកបេក្ខភាពចេញពីបញ្ជីវិញ»។ ដូច្នេះលោកបានសំណូមឲ្យអ្នកគ្រប់គ្នាត្រូវបន្តពង្រឹងការខិតខំថែរក្សាអភិរក្ស និងអភិវឌ្ឍក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះឲ្យបានគង់វង់ កុំឲ្យបាត់បង់ ៕