(បរទេស)៖ នេះជាភាពជោគជ័យដ៏បំផុតធំមួយសម្រាប់ Apple ក្នុងការជួយជីវិតមនុស្ស បន្ទាប់ពីដាក់ចេញនូវមុខងារ Emergency SOS តាមយរយៈផ្កាយរណប ជាមួយនឹងត្រកូល iPhone 14 របស់ខ្លួន។ ពោលគឺ មុខងារនេះបានជួយសង្រ្គោះ ជីវិតបុរសម្នាក់នៅរដ្ឋអាឡាស្កាដែលបានជាប់គាំងនៅតំបន់ដាច់ស្រយាល។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន MacRumors នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ជាមួយនឹងការទម្លាក់នូវកំណែ iOS 16.1 ថ្មី ក្រុមហ៊ុន Apple បានដាក់ចេញនូវមុខងារ Emergency SOS តាមរយៈផ្កាយរណប នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាពិសេសសម្រាប់គ្រួសារ iPhone 14។ ដូច្នេះសម្រាប់ម្ចាស់ iPhone 14 ទាំងអស់អាចទាក់ទងសេវាសង្រ្គោះបន្ទាន់បាននៅពេលមានអាសន្នដោយប្រើការតភ្ជាប់ទៅកាន់ផ្កាយរណបបាន បើទោះបីជាពួកគេស្ថិតនៅក្នុងតំបន់ដាច់ស្រយាលគ្មានសេវាអ៊ីនធឺណិត ឬគ្មាន Wi-Fi ក៏ដោយ។

ដោយឡែកមុខងារពិសេស និងដំបូងគេនេះត្រូវបានដាក់ឱ្យសាកល្បងជាលើកដំបូងនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ ទន្ទឹមនឹងព្រឹកព្រលឹមថ្ងៃទី០១ ខែធ្នូ ម្សិលមិញនេះទាហានរដ្ឋអាឡាស្កាបានទទួលការជូនដំណឹងថាមានបុរសម្នាក់ដែលធ្វើដំណើរដោយម៉ូតូសម្រាប់ជិះលើព្រិល «Snow Machine» ចេញពីទីក្រុង Noorvik ទៅកាន់ទីក្រុង Kotzebue ត្រូវបានជាប់គាំង។ ខណៈការជូនដំណឹងនេះគឺទទួលបានពីជនរងគ្រោះផ្ទាល់ដែលស្ថិតនៅក្នុងតំបន់ត្រជាក់ និងដាច់ស្រយាលដោយគ្មានបណ្តាញអ៊ីនធឺណិត ដោយលោកបានបើកដំណើរការមុខងារ Emergency SOS តាមរយៈផ្កាយរណបនៅលើ iPhone 14 របស់លោក ដើម្បីជូនដំណឹងដល់អាជ្ញាធរចំពោះបញ្ហានោះ។

ជាលទ្ធផលមជ្ឈមណ្ឌលឆ្លើយតបសង្រ្គោះបន្ទាន់របស់ Apple បានសហការជាមួយក្រុមស្វែងរក និងជួយសង្រ្គោះក្នុងតំបន់ តាមរយៈកូអរដោនេ GPS ដែលបានដៅនោះ បានជួយសង្រ្គោះជីវិតបុរសនោះដោយជោគជ័យ និងគ្មានរបួសស្នាមអ្វីឡើយ។

បើយោងតាមការបញ្ជាក់របស់ Apple ហាក់គួរឱ្យភ្ញាក់ផ្អើរម្យ៉ាងដែរ ដោយ Apple បានលើកឡើងថា ការតភ្ជាប់ផ្កាយរណបនឹងមិនអាចដំណើរការទៅកាន់តំបន់ដែលលើសពីរយៈទទឹង 62° នោះទេ ប៉ុន្តែជាក់ស្តែងដូចជាផ្នែកភាគខាងជើងនៃប្រទេសកាណាដា និងអាឡាស្កា ពីទីក្រុង Noorvik ទៅ Kotzebue គឺស្ថិតនៅជិតរយៈទទឹង 69° ដែលវាជារឿងភ្ញាក់ផ្អើរមួយដែល Apple អាចទទួលបានសារសង្រ្គោះបន្ទាន់ពីជនរងគ្រោះ៕