(ភ្នំពេញ)៖ យុវជន ហៀម ដារ៉ូ បានសម្ដែងការសប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡាការ៉ាតេ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កាលពីថ្មីៗ។ កីឡាករវ័យ១៦ឆ្នាំរូបនេះ បានប្ដេជ្ញាចិត្តនឹងបន្ដការខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងទៀត ដើម្បីឈោងចាប់ក្ដីស្រមៃ ដែលខ្លួនចង់ក្លាយជាជម្រើសជាតិ និងមានឱកាសចូលរួមប្រកួតស៊ីហ្គេមនាថ្ងៃអនាគត ។

កីឡាករវ័យក្មេងមានដើមកំណើតនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញរូបនេះ បានឲ្យដឹងថា ខ្លួនបានចូលហាត់កីឡាការ៉ាតេ តាំងពីវ័យ ៨ឆ្នាំមកម្ល៉េះ ដោយសារការស្រលាញ់ និងចូលចិត្តកីឡាមួយនេះ ពិសេសគឺការចង់ក្លាយជាកីឡាករជម្រើសជាតិតែម្ដង ។ ចំពោះការដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងកីឡាជាតិ កាលពីថ្មីៗវិញ គឺជាការជំរុញ និងលើកទឹកចិត្ដដ៏សំខាន់សម្រាប់ខ្លួនឈានទៅសម្រេចក្ដីស្រម៉ៃខាងលើ ។

ហៀម ដារ៉ូ បានបញ្ជាក់ថា «ខ្ញុំធ្លាប់ប្រកួតកីឡាជាតិ ២លើក គឺលើកទី១ និងលើកទី៣ ។ កាលពីលើកទី១ ខ្ញុំបរាជ័យ តែលើកទី៣ នេះ ខ្ញុំទទួលបានមេដាយសំរឹទ្ធ ។ ការទទួលបានមេដាយនេះ ខ្ញុំពិតជាមានមោទនភាពលើខ្លួនឯង ដែលអាចធ្វើបាន ។ ទោះបីខ្ញុំបានឆ្លងកាត់ការលំបាកបន្ដិចក្ដី តែការស្រលាញ់ចូលចិត្ត និងការអត់ធ្មត់ ខំប្រឹង និងព្យាយាម បានធ្វើឲ្យខ្ញុំទទួលបានមេដាយសំរឹទ្ធ ហើយវាជាការជំរុញទឹកចិត្តឲ្យកាន់តែខំប្រឹងបន្ថែមទៀត»

ចំពោះគោលដៅធំក្នុងអាជីពកីឡាការ៉ាតេនេះ គឺ ដារ៉ូ ចង់ជាប់ជម្រើសជាតិ ហើយមានឱកាសចូលរួមប្រកួតកីឡាស៊ីហ្គេម និងដណ្ដើមមេដាយជូនជាតិ នាថ្ងៃអនាគត ។ រីឯឪពុកម្ដាយ និងបងប្អូនវិញ ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ការហ្វឹកហាត់ និងចាប់អាជីពជាកីឡាករការ៉ាតេនេះផងដែរ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់យុវជនវ័យក្មេងខាងលើ ៕