(ភ្នំពេញ)៖ ធនាគារ ស៉ីអាយអិមប៊ី ភីអិលស៉ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ និងវិទ្យាស្ថាន ខេមអេដ ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ក្នុងគម្រោងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ដោយផ្តល់នូវអាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា ចំនួន ៦កន្លែង ជាមួយនឹងកញ្ចប់ទឹកប្រាក់រហូតដល់ ៧២.០០០ដុល្លារអាមេរិក ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថាន ខេមអេដ សម្រាប់ឆ្នាំសិក្សា២០២៣ ខាងមុខនេះ។

កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល នៃធនាគារ CIMB ក្រោមអធិបតីភាពរបស់ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្ស នៃធនាគារ CIMB និងលោក ខេស៉ី បាណេត នាយក នៃវិទ្យាស្ថាន ខេមអេដ ព្រមទាំងបុគ្គលិកតំណាង នៃស្ថាប័នទាំងពីរ។

អនុស្សរណៈយោគយល់នេះ មានគោលបំណងប្តេជ្ញាកសាងចំណេះដឹង អំពីវិស័យហិរញ្ញវត្ថុ ក្នុងសង្គមឲ្យមានវឌ្ឍនភាពជាលំដាប់ សម្រាប់អនាគតកាល ក៏ដូចជាបច្ចុប្បន្ន តាមរយៈការចូលរួមបង្កើនធនធានអ្នកជំនាញ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ហើយជាពិសេស ផ្តល់ឱកាសដល់ប្អូនសិស្សានុសិស្ស ដែលមានសមត្ថភាព ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តសិក្សា នៅគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដូចជាវិទ្យាស្ថាន ខេមអេដ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្ស នៃធនាគារ CIMB បានថ្លែងថា៖ «ការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងធនាគារ CIMB និងវិទ្យាស្ថាន ខេមអេដ នាពេលនេះ ឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់ស្ថាប័នទាំងពីរ ក្នុងការលើកស្ទួយធនធានមនុស្ស និងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា។ ហើយកញ្ចប់ទឹកប្រាក់ឧបត្ថម្ភអាហារូបករណ៍របស់ធនាគារ CIMB សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថាន ខេមអេដ នឹងបង្កើតនូវធនធានមនុស្សដ៏ស្ទាត់ជំនាញ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលអាចជួយដល់អនាគត របស់ពួកគេ និងភាពរីកចម្រើននៃសង្គមជាតិ»

ក្នុងឱកាសនេះដែរ លោកស្រី អ៊ុំ ចិន្តាភក្តី បានបញ្ជាក់ផងដែរថា ធនាគារ CIMB បានដាក់គោលដៅចំណាយលើ កម្មវិធីទំនួលខុសត្រូវសង្គម ជារៀងរាល់ឆ្នាំ រហូតដល់ ១% នៃប្រាក់ចំណេញសរុបប្រចាំឆ្នាំរបស់ធនាគារ ដោយផ្តោតលើវិស័យសំខាន់ៗចំនួនបួន រួមមានវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងបរិស្ថាន។ ក្រៅពីសកម្មភាព សប្បុរសធម៌ ដែលរៀបចំដោយធនាគារ បុគ្គលិកតាមផ្នែក និងសាខានីមួយៗ ក៏ចូលរួមយ៉ាងសកម្មអស់ពីចិត្ត ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នានា ដោយបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន រួមផ្សំនឹងថវិកាដែលផ្តល់ដោយធនាគារ។

នៅក្នុងឱកាសនេះផងដែរ លោកខេស៉ី បាណេត បានថ្លែងថា «វាជាកិត្តិយសដែលវិទ្យាស្ថានខេមអេដ បានរួមចំណែកក្នុងការគាំទ្រគម្រោងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ CIMB ដែលជាកម្មវិធី ផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានសមត្ថភាព តែពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តសិក្សានៅគ្រឹះស្ថាន ឧត្តមសិក្សា តាមរយៈការផ្តល់នូវសេវាកម្មអប់រំ ដែលមានគុណភាពស្តង់ដារអន្តរជាតិ»

លោកខេស៉ី បានបញ្ជាក់ ផងដែរថា គម្រោងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) នេះគឺជា គម្រោងដ៏គួរអោយស្ងើចសរសើរមួយ ដែលបង្កើនតម្លៃយ៉ាងធំធេង ដល់សង្គមកម្ពុជា។ បន្ថែមពីនោះ លោកខេស៉ីបានបញ្ជាក់ថា សេវាកម្មមួយ របស់ធនាគារ CIMB គឺជាសេវាគាំទ្រការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងខ្លាំង ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន។

ក្នុងនាមជាដៃគូសហការ វិទ្យាស្ថានខេមអេដ ពិតជាមានសេចក្តីសោមនស្ស ក្នុងការរួមចំណែកអភិវឌ្ឍន៍ ប្រទេសកម្ពុជា ក្នុងនាមជាអ្នកអប់រំបណ្តុះបណ្តាលជំនាញ និងប្តេជ្ញាផ្តល់នូវការអប់រំ ដែលមានគុណភាពស្តង់ដារអន្តរជាតិ។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ វិទ្យាស្ថានខេមអេដ បានសហការជាមួយ សមាគមគណនេយ្យករជំនាញ អន្តរជាតិ ACCA ដើម្បីធានាឲ្យបានថា និស្សិតរបស់ខ្លួនមានសមត្ថភាព ដូចជានិស្សិតនៅតាមបណ្តាប្រទេស អង់គ្លេស, ប្រទេសសិង្ហបុរី, ប្រទេសម៉ាឡេស៉ីជាដើម។

«បន្ថែមពីនោះ យើងក៏បានពាំនាំមកនូវសាស្ត្រាចារ្យអន្តរជាតិ ដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ មកបណ្តុះបណ្តាលសិស្សានុសិស្សរបស់យើង ផងដែរ។ ហើយបុគ្គលិក គ្រប់ជាន់ថ្នាក់របស់យើង ក៏តាំងចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍គុណភាព ឥតឈប់ឈរ»។ នេះបើតាមការថ្លែងរបស់លោក ខេស៉ី។

ជាចុងបញ្ជប់ លោក ខេស៉ី នៅតែស្ងើចសរសើរចំពោះវឌ្ឍនភាពឥតឈប់ឈរ របស់ធនាគារ CIMB ដែលស្តែងចេញពី ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ CIMB។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB បានថ្លែងថា «ការផ្តល់អាហារូបករណ៍ លើការអប់រំ គឺជាផ្នែកដ៏សំខាន់មួយ នៃការជួយត្រឡប់ ដល់សហគមន៍វិញ ក្នុងគម្រោងទំនួលខុសត្រូវសង្គម របស់ធនាគារ CIMB។ យើងយកចិត្តទុកដាក់ ដោយចាប់ផ្តើមពីផ្ទៃក្នុងរបស់យើងផ្ទាល់ តាមរយៈការបង្កើតកម្មវិធី បណ្តុះបណ្តាលដ៏សម្បូរបែប ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ដល់បុគ្គលិកធនាគារ។ ជាមួយគ្នានេះ យើងបានផ្តល់អាហារូបករណ៍ ដល់សិស្សនិសិ្សតខ្មែររាប់សិបនាក់ ឲ្យបន្តការសិក្សានៅសាកលវិទ្យាល័យ ក្នុងស្រុក និងអន្តរជាតិ តាមរយៈអង្គការដៃគូជាច្រើន»

ក្រៅពីនេះ លោក ប៊ុន យីន បានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីចាប់ផ្តើមដំណើរការ ក្នុងប្រទេសកម្ពុជា ជាង១២ឆ្នាំកន្លងមកនេះ ធនាគារ CIMB តែងតែជួយដល់សហគមន៍ នៅលើវិស័យសំខាន់ៗ ស្របតាមកំណើនប្រាក់ចំណេញរបស់ធនាគារ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយប្រកាន់ខ្ជាប់នូវការរក្សាតុល្យភាពយ៉ាងល្អ រវាងភាគហ៊ុនិក និងសង្គមជាតិ ក៏ដូចជារវាងនិយោជក និងនិយោជិតផងដែរ។ ដូច្នេះការចាប់ដៃគូ ជាមួយវិទ្យាស្ថាន ខេមអេដ ដែលជាគ្រឹះស្ថានប្រកបដោយគុណភាពខ្ពស់ ដោយការផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិត ចំនួន ៦កន្លែង នាពេលនេះ គឺជាការចូលរួមចំណែករបស់ធនាគារ CIMB ក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍជាតិទាំងមូល។

សូមរំលឹកផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការ ក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងឆ្នាំ២០១០ ដោយបាន បើកដំណើរការសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ធនាគារបានពង្រីកសាខា របស់ខ្លួនរហូតដល់ ១៤ ទូទាំងប្រទេស ដោយមានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

វិទ្យាស្ថានខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល២២ឆ្នាំនេះ វិទ្យាស្ថានខេមអេដ បានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើត កាលានុវត្តភាពដល់និស្សិត និងសាធារណជនទូទៅ ដែលសិក្សានៅវិទ្យាស្ថាន ដោយយកគុណភាពជាចម្បង ជាពិសេសចំពោះ គុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា ដើម្បីអោយស្របទៅ នឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។ ជាលទ្ធផល វិទ្យាស្ថានទទួលបាននូវការទទួលស្គាល់គុណភាពពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍នេះ នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែកចំពោះការប្រឡងជ្រើសរើស នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ ចុះឈ្មោះតាមរយៈ៖ https://web.cam-ed.com/beta/ba-register