(បាត់ដំបង)៖ ការបិទ និងប្រកាសជ័យលាភីការប្រកួតកីឡាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ដែលបានធ្វើការប្រកួតប្រជែងអស់ រយ:ពេល១ខែ បានរកឃើញអ្នកឈ្នះទទួលជ័យលាភី និងត្រូវបានបិទបញ្ចប់នៅ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក កម្ពុជា, លោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្ត, លោកស្រី កែវ ដាណា អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំមកពីសាកលវិទ្យាល័យ គ្រិះស្ថានសិក្សារដ្ឋនិងឯកជនយុវជនក្នុងខេត្ត គ្រប់ស្ថាប័ន្ន នៅបរិវេណសាកលវិទ្យាល័យ ជាតិបាត់ដំបង។

លោក ស សុខា បានលើកឡើងថា គោលបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្នុងការរៀបចំការប្រកួតដណ្ដើមពានរង្វាន់នេះ គឺដើម្បីបំផុស និងកៀរគរយុវជនគ្រប់ស្រទាប់ឲ្យស្រ
ឡាញ់វិស័យកីឡា ជៀសផុត ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងអបាយមុខផ្សេងៗ។

ព្រឹត្តិការណ៍ការប្រកួតកីឡាពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង មានចំនួន៣វិញ្ញាសារ រួមមាន៖

* បាល់ទាត់ វាយសី និងប៉េតង់
* វិញ្ញាសាកីឡាបាល់ទាត់បុរស មានចំនួន ៣២ក្រុម មានកីឡាករសរុបចំនួន ៨៣២នាក់
* វិញ្ញាសាកីឡាវាយសី មានចំនួន៥៣ក្រុម មានកីឡាករសរុប ចំនួន១០៦នាក់
* វិញ្ញាសាកីឡាប៉េតង់ មានចំនួន ៦១ក្រុម មានកីឡាករ សរុប ចំនួន២៤៤នាក់)។
* វិញ្ញាសារទាំង០៣នេះ នឹងត្រូវធ្វើការប្រកួតផ្ដាច់ព្រ័ត្រ និងប្រកាសជ័យលាភីប្រគល់ ពានរង្វាន់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះ លោក ស សុខា បានលើកឡើងថា ព្រឹត្តិការណ៍នាឱកាសនេះ ជាការរួមចំណែកមួយរបស់ ស.ស.យ.ក. ខេត្ត ក្នុងការលើកស្ទួយវិស័យកីឡាក្នុងខេត្តបាត់ដំបង ក៏ដូចជារួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡាឲ្យកាន់តែរីកចម្រើននិងកម្ពុជា ឈានឆ្ពោះទៅការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រោមពាក្យស្លោក «កីឡា រស់នៅក្នុងសន្តិភាព»

លោកបន្ដថា ម្យ៉ាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករកីឡាការិនីដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះវេទិកាកីឡា គឺជាកាលានុវត្តន៍ភាពប្រកបដោយសមធម៌ដែលផ្តល់ឲ្យកីឡាករ និងគូប្រកួត មានឱកាសសាកល្បង និងបញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងល្បិចរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលកីឡា ទៅតាមបទ
បញ្ជាបច្ចេកទេស នៃវិញ្ញាសានីមួយៗ។

លោក ស សុខា ថ្លែងក្នុងពិធីនោះ ក៏បានលទ្ធផល៣ចំណុច ទៅកាន់គណៈកម្មការរៀបចំការប្រកួត និងកីឡាករ កីឡាការិនី ដូចខាងក្រោម៖

*ទី១៖ ចំពោះបងប្អូនកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី សូមបន្តយកចិត្តទុកដាក់បន្តទៀត ដើម្បីឈានជើងចូលការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ក៏ដូចជាអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជ្រើសរើសប្រមូលផ្ដុំក្រុមជម្រើសជាតិ។
*ទី២៖ ចំពោះប្អូនៗកីឡាករ កីឡាការិនី ដែលមិនទទួលបានជ័យលាភី ក៏ទទួលបាននូវបទពិសោធន៍ និងការវាស់ស្ទង់សមត្ថភាពរបស់ខ្លួនតាមរយៈការប្រកួតនេះដែរ ហើយត្រូវខិតខំបន្តការហ្វឹកហាត់ និងលេងកីឡា ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាលើកកម្ពស់សុខភាពបុគ្គល តាមរយៈសកម្មភាព អប់រំកាយនិងកីឡា។
*ទី៣៖ ចំពោះគណៈកម្មការបច្ចេកទេស ត្រូវបន្តរៀនសូត្រអំពីវិជ្ជាជីវៈនេះ និងតាមដានការកែប្រែនៃច្បាប់ ឬបទបញ្ជាថ្មី ដើម្បីតាមឲ្យទាន់ក្នុងការដឹកនាំ និងកាត់សេចក្តីប្រភេទកីឡារបស់ខ្លួន និងក៏អាចត្រូវបានជ្រើសរើសជាគណៈកម្មការថ្នាក់ជាតិ ក៏ដូចជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិផងដែរ៕