(កំពង់ឆ្នាំង)៖ ខេត្តកំពង់ឆ្នាំង បានរៀបចំព្រឹត្តិការដ៏មហាអស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងនោះមានពិធីប្រណាំងទូក ពិធីជិះកង់ និងរត់ម៉ារ៉ាតុង និងពិធីកំសាន្តជាច្រើនទៀត ក្រោមម្លប់សន្តិភាព ពិធីកំសាន្តខាងលើនេះ ប្រព្រឹត្តទៅនៅក្នុងក្រុងកំពង់ឆ្នាំង រយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដែលពិធីកំសាន្តទាំងនេះក៏មានការអញ្ជើញចូលរួមលេងកំសាន្តពីសំណាក់ លោក អភិបាលខេត្តកំពង់ឆ្នាំង អ្នកតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្នុងខេត្ត និងមន្ត្រីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

ក្នុងពិធីនេះដែរ ក៏មានការរៀបចំការតាំងពិពណ៌លក់ផលិតផលផ្សេងៗ ដូចជា ផលិតផលកសិកម្ម ឧស្សាហកម្មដែលជាផលិតផលផលិតនៅក្នុងស្រុក និងមានការសម្ដែងសិល្បៈ របាំប្រជាប្រិយ ប្រដាល់សេរី (គុនខ្មែរ) តន្ត្រីសម័យ រៀបចំឲ្យមានតំបន់ត្រជាក់ ដែលជាកន្លែងបាញ់ទឹកពីលើបំពាក់ដោយឧបករណ៍ទំនើប និងមានស្តង់លក់ដូរនៅពេលរាត្រីជាច្រើនកន្លែងនៅតាមទីសាធារណៈក្នុងក្រុងកំពង់ ឆ្នាំងទៀតផង។

ដោយឡែកនៅព្រឹកថ្ងៃទី២ ខែធ្នូ ដែលជាថ្ងៃចាប់ផ្ដើមពិធីដំបូង គឺមានការជិះកង់ និងរត់ម៉ារ៉ាតុង ដែលកីឡាករកីឡាការរ៉ានី មួយចំនួនជាថ្នាក់ដឹកនាំក្នុងខេត្ត មន្ត្រីរាជការ ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមដឹកនាំរត់កម្សាន្ត និងមានការចូលរួមពីប្រជា ពលរដ្ឋជាច្រើនផងដែរ។ការរត់ម៉ារ៉ាតុងខាងលើនេះបានចេញដំណើរពីទីតាំងសាលាខេត្ត ឆ្ពោះទៅតាមផ្លូវទៅមាត់ទន្លេផ្សារក្រោមដែលទីនោះគឺជាទីតាំងរៀបចំពិធីបុណ្យ អុំទូកស្អែកនេះ។

សូមបញ្ជាក់ថា ទូកដែលត្រូវចូលរួមប្រណាំងនៅថ្ងៃស្អែកនេះ គឺថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ មានចំនួន២៩ ទូក ក្នុងនោះទូករបស់ខេត្តកំពង់ឆ្នាំង មានចំនួន១៦ទូក ពិធីប្រណាំងទូកនិងចាប់ផ្ដើមពីម៉ោង១២៖៣០នាទីតទៅសូមបញ្ជាក់ថា ទាំង២រាត្រីនេះក៏មានការបាញ់កាំជ្រួចអបអរសាទរផងដែរ៕