(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឬ Cambodian Premier League (CPL) 2022 នឹងឈានដល់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ចុងក្រោយនាល្ងាចថ្ងៃទី០៣ ខែធ្នូនេះ ដោយមានបេក្ខភាព ៣ក្រុម សុទ្ធតែមានលទ្ធភាពដណ្ដើមជើងឯករដូវកាលនេះ គឺក្រុមភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង ដែលកំពុងកាន់ ៤៩ពិន្ទុក្នុងដៃស្មើគ្នា។

សម្រាប់ជំនួបកាត់សេចក្ដីល្ងាចនេះ គឺក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមបឹងកេត នៅកីឡដ្ឋាន Smart RSN និងវិសាខា ត្រូវជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀងនាវេលាម៉ោង ៦៖៣០នាទីល្ងាចដូចគ្នា។ នេះគឺជាការប្រកួតដ៏អស្ចារ្យ ដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំទស្សនា និងអ៊ុតបេក្ខភាពក្រុមជើងឯក CPL ឆ្នាំ២០២២។

និយាយពីលទ្ធភាពដណ្ដើមជើងឯកវិញ ក្រុមភ្នំពេញក្រោន ត្រូវបានគេមើលឃើញមានសង្ឃឹមច្រើនជាងគេ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ៣-២ កាលពីសប្ដាហ៍មុន។ សម្រាប់ការប្រកួតជាមួយបឹងកេតល្ងាចនេះ ប្រសិនបើក្រុមសិង្ហក្រហមឈ្នះ ពួកគេនឹងក្លាយជាម្ចាស់ជើងឯកតែម្ដង ដោយមិនខ្វល់ពីលទ្ធផលឈ្នះ-ចាញ់ រវាងវិសាខា និងព្រះខ័នរាជស្វាយរៀងឡើយ។

ករណីបើភ្នំពេញក្រោនស្មើបឹងកេតវិញ ពួកគេនឹងត្រូវអ៊ុតលទ្ធផលការប្រកួតនៅទឹកដីខេត្តស្វាយរៀង ដោយពួកគេមានលទ្ធភាពគ្រងជើងឯកដដែល បើសិនការប្រកួតវិសាខា និងព្រះខ័នរាជស្វាយរៀងស្មើគ្នា។ តែបើវិសាខា ឬព្រះខ័នរាជស្វាយរៀងឈ្នះវិញនោះ ក្រុមទទួលបានជ័យជម្នះ នឹងក្លាយជាជើងឯក។ មួយទៀត បើភ្នំពេញក្រោនចាញ់ ពួកគេនឹងបាត់បង់ឱកាសលើកពានតែម្ដង ហើយឱកាសមាសនេះ នឹងធ្លាក់ទៅវិសាខា និងព្រះខ័នរាជស្វាយរៀង។

សម្រាប់វិសាខា មានឱកាសលើកពាន ទាល់តែភ្នំពេញក្រោយចាញ់ ឬស្មើបឹងកេត ហើយក្រុមសេះជំទង់នេះ ប្រកួតស្មើ ឬឈ្នះព្រះខ័នរាជស្វាយរៀង។ រីឯព្រះខ័នរាជស្វាយរៀង មានឱកាសលើកពាន លុះត្រាភ្នំពេញក្រោនចាញ់ ឬស្មើបឹងកេត ហើយពួកគេត្រូវការឈ្នះវិសាខាដាច់ខាត។ ដូច្នេះចាំអ៊ុតទាំងអស់គ្នា តើរវាងក្រុមខ្លាំង ៣ ក្រុមណាមួយ នឹងក្លាយជាម្ចាស់ពាន Cambodian Premier League 2022 និងទទួលបានសិទ្ធចូលរួមប្រកួតពានរង្វាន់ AFC Cup 2023?