(ភ្នំពេញ)៖ កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងជួរមុខរបស់ផលិតកម្ម Galaxy Navatra និងជាតារាស្រីមួយរូប ដែលមានប្រជាប្រិយភាព មានការស្រឡាញ់ចូលចិត្តយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ នឹងបង្ហាញវត្តមានក្នុងការប្រគំតន្រ្តី ដើម្បីអបអរសាទរខួបលើកទី៤៤ ដែលជាថ្ងៃកំណើតរបស់សហភាពសហព័ន្ធ យុវជនកម្ពុជា (សសយក) ដោយប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២២នេះ នៅឯវិមានឈ្នះ-ឈ្នះ។ នេះបើតាមការឱ្យដឹងពីសហភាពសហព័ន្ធយុវជនកម្ពុជាដែល Fresh News Plus ទទួលបាន។

សហភាពសហពន្ធ័យុវជនកម្ពុជា បានឲ្យដឹងបន្ថែមថា កាលពីការប្រគំតន្ត្រីអបអរសាទរខួបទី៤១ កញ្ញា តន់ ចន្ទសីម៉ា ធ្លាប់បានចូលរួមជាមួយពួកយើងម្ដងហើយ លើកនេះរូបនាងនឹងចូលរួមការប្រគំតន្រ្តីរបស់យើងម្ដងទៀត។ តើកញ្ញាតន់ ចន្ទសីម៉ា នឹងលើកយកបទចម្រៀងអ្វីខ្លះ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៤ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា?

សូមអញ្ជើញចូលរួមសប្បាយជាមួយកម្មវិធីរបស់យើងដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ។

គួរឱ្យដឹងផងដែរថា តារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា ជាតារាស្រីកំពុងតែអន្ទងចិត្តយុវវ័យដោយសារតែសំឡេងមានទឹកដមពីធម្មជាតិរបស់នាង។  ទោះបីជា តន់ ចន្ទសីម៉ា ទើបតែប្រឡូកក្នុងវិស័យសិល្បៈចម្រៀង តែគេសង្កេតឃើញថា កញ្ញាទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្ររបស់នាងទាំងជាតិ និង អន្តរជាតិ។ ជាមួយគ្នានោះដែរ កញ្ញា តន់ ចន្ទសីម៉ា ក៏តែងតែមានវត្តមានក្នុងកម្មវិធីថ្នាក់ជាតិធំៗ។ មួយវិញទៀតកញ្ញាជាតារាស្រីដែលអាចច្រៀងចម្រៀងបានគ្រប់ទម្រង់ មិនថាចង្វាក់ញាក់, Rap ឬក៏បទមនោសញ្ចេតនាឡើយ។

ដូចបានជម្រាបជូនខាងលើ សូមកុំភ្លេចណានៅល្ងាចនេះ! បងប្អូនអាចចូលរួមរាំលេងកម្សាន្តទាំងអស់គ្នា បានដោយសេរី៕