(ដូហា)៖ ខ្សែប្រយុទ្ធជួរមុខ Wahbi Khazri បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិទុយនេស៊ី បន្ទាប់ពីក្រុមរបស់លោកបានធ្លាក់ចេញ នៅវគ្គសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍ World Cup នាប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

Khazri បានស៊ុតបញ្ចូលទីនាំឲ្យទុយនេស៊ីឈ្នះ ១-០ លើក្រុមការពារតំណែងជើងឯកបារាំងកាលពីថ្ងៃពុធ។

"បន្ទាប់ពីការប្រកួតរបស់ទុយនេស៊ី ហើយនៅក្នុងការប្រជុំ ដែលរួមមានទាំងកីឡាករ និងបុគ្គលិកបច្ចេកទេស និងរដ្ឋបាល។ ខ្ញុំបានប្រាប់អ្នកគ្រប់គ្នាថា ពេលវេលានេះគឺសមរម្យ ហើយខ្ញុំបានអរគុណអ្នកគ្រប់គ្នា ព្រមទាំងបានជូនពរពួកគេឲ្យទទួលបានជោគជ័យ"។ នេះបើតាមសម្តី Khazri បានប្រាប់សារព័ត៌មាន Bein Sports French។

ទុយនេស៊ី បានចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេជាមួយនឹងលទ្ធផលស្មើ ដោយគ្មានគ្រាប់បាល់ ៕ពេលប៉ះដាណឺម៉ាក បន្ទាប់មកបានចាញ់អូស្ត្រាលី ក្នុងលទ្ធផល ១-០។

លទ្ធផលឈ្នះបារាំង មិនគ្រប់គ្រាន់ ដើម្បីសង្គ្រោះទុយនេស៊ីបាននោះទេ ខណៈអូស្ត្រាលី បានយកឈ្នះដាណឺម៉ាក ដើម្បីកក់កន្លែងរបស់ពួកគេនៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជាទីកន្លែងដែលពួកគេនឹងត្រូវប៉ះអាហ្សង់ទីននៅវគ្គ ១៦ក្រុម។

Khazri ដែលកើតនៅប្រទេសបារាំង និងបានលេង ១ប្រកួតសម្រាប់ក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ២០១២ នោះ បានផ្លាស់ប្តូរទៅលេងឲ្យទុយនេស៊ីវិញ និងបានកោះហៅ ៧៤លើក សម្រាប់ការប្រកួតអន្តរជាតិ ដោយបានស៊ុតបញ្ចូលទី ២៥គ្រាប់ផងដែរ៕