(ដូហា)៖ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុតាមពូលរួចមក ការប្រកួតបន្តវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយ នឹងបន្តធ្វើនារាត្រីនេះទៀត នៅពេលក្រុមហូឡង់ ប៉ះសហរដ្ឋអាមេរិក​ ប្រកួតមុនគេ និងក្រុមអាហ្សង់ទីន ប៉ះក្រុមអូស្ត្រាលី នៃព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងការដណ្តើមកៅអីឡើងវគ្គ ៨ក្រុម។

ហូឡង់ ដែលជាក្រុមលេខ១ ចេញពីពូល A នោះ ត្រូវប៉ះអាមេរិក ដែលជាក្រុមលេខ២ ប្រចាំពូល B នាម៉ោង ១០យប់ថ្ងៃសៅរ៍ ទី០៣ ខែធ្នូនេះ (ម៉ោងនៅកម្ពុជា)។

១ប្រកួតទៀតនាម៉ោង ២យប់រំលងអាធ្រាត្រវិញ គឺជាការជួបគ្នារវាងអាហ្សង់ទីន និងក្រុមអាស៊ី អូស្រ្តាលី ក្នុងប្រកួតទី២ នៃវគ្គ ១៦ក្រុម។

ពពកសអាហ្សង់ទីន បានបញ្ចប់ក្នុងតំណែងកំពូលតារាងប្រចាំពូល C ដែលត្រូវប៉ះគូប្រជែងអូស្រ្តាលី ក្រុមលេខ២ ក្នុងពូល D នៃវគ្គខ្វែងនេះ គ្រាដែលក្រុមទាំងពីរ លេងឈ្នះ២ និងចាញ់១ ក្នុងចំណោម ៣ប្រកួតដូចគ្នាកាលវគ្គ​ចែកពូល ៣២ក្រុម​៕