(ភ្នំពេញ)៖ ធនាគារ វីង បានបន្ថែមម៉ោងបម្រើការអតិថិជន ហើយថែមទាំងណែនាំសេវាធនាគារនៅចុងសប្តាហ៍ ដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់អតិថិជន។ ឥឡូវនេះ អតិថិជនអាចទៅកាន់គ្រប់សាខារបស់ធនាគារ វីងទាំងអស់ ទោះជានៅថ្ងៃចុងសប្តាហ៍ក៏ដោយដើម្បីប្រើប្រាស់សេវាធនាគារទាំងអស់ពួកគេត្រូវការ។

ធនាគារ វីង បានបន្ថែមម៉ោងបម្រើការអតិថិជនរបស់ខ្លួនទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួល និងភាពបត់បែនកាន់តែច្រើន ដល់ប្រជាជនកម្ពុជាគ្រប់រូបដែលត្រូវការទទួលបានសេវាហិរញ្ញវត្ថុ។

ឥឡូវនេះ អតិថិជនអាចមកសាខាធំរបស់ធនាគារ វីង តាមបណ្តោយមហាវិថីព្រះមុនីវង្ស ជាប់ភ្លើងស្តុបបូកគោ រៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ សាខាផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ និងខេត្តក្រុងនានា ក៏បានបន្ថែមម៉ោងបម្រើអតិថិជននៅថ្ងៃចុងសប្តាហ៍ផងដែរ គឺចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានថ្លែងថា៖ «ដោយសារប្រជាជនឥឡូវនេះមានភាពមមាញឹកជាមួយការងារជាងមុន យើងបានបន្ថែមម៉ោងបម្រើការអតិថិជន ដើម្បីធានាថាអ្នកគ្រប់គ្នាអាចទទួលបានសេវាកម្មរបស់យើង ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ ទោះបីជាក្នុងម៉ោងធ្វើការធម្មតា និងចុងសប្តាហ៍ក៏ដោយ។ ធនាគារ វីង មានគោលបំណងធ្វើឲ្យជីវភាពរបស់អតិថិជនកាន់តែងាយស្រួល និងឆាប់រហ័ស ។ ការបន្ថែមម៉ោងបម្រើការអតិថិជន របស់ធនាគារគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងមួយទៀតដែលយើងកំពុងធ្វើដើម្បីរួមចំណែក ដល់ការសម្រេចគោលដៅនេះ»

ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីការបើកដំណើរការជាផ្លូវការជាធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ 2021។ ធនាគារនេះ បានបើកដំណើរការសាខាវិមានឯករាជ្យ និងសាខាសែនសុខក្នុងខែមីនា ឆ្នាំ 2022 បន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ធនាគារ វីង តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី 3 ចំណែកសាខាខេត្តព្រះសីហនុ សាខាវត្តភ្នំ និងសាខាទួលគោកត្រូវបានដាក់ឲ្យដំណើរការនៅខែសីហា ឆ្នាំ 2022។

គ្រប់សាខាទាំងអស់ត្រូវបានរចនាយ៉ាងស្អាត មានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំ ហាងកាហ្វេ និងបន្ទប់ប្រជុំពិសេសជាដើម។ វាក៏មានបញ្ជរដែលផ្តល់សេវាកម្មដល់អតិថិជននានា ដែលត្រូវបានរចនាឡើងដើម្បីធានានូវភាពងាយស្រួល និងភាពឯកជនរបស់ពួកគេ នៅពេលដែលពួកគេបំពេញតម្រូវការធនាគារនានា។

នៅសាខានីមួយៗ មានបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់ ដែលត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍អតិថិជន និងឆ្លើយតបរាល់ការសាកសួរផ្សេងៗ។ អតិថិជន ដែលមកសាខាណាមួយក៏ដោយ សុទ្ធតែអាចពិគ្រោះជាមួយអ្នកជំនាញកម្ចីអាជីវកម្ម បើកគណនី ស្នើសុំកាតធនាគារ ផ្ទេរប្រាក់ និងទទួលបានសេវាធនាគារឌីជីថល ក្នុងចំណោមសេវាកម្មជាច្រើន។ អតិថិជនក៏អាចប្រើបន្ទប់ប្រជុំ សម្រាប់ការប្រជុំ និងការពិភាក្សាផងដែរ។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2008 មក ធនាគារ វីង បានបង្ហាញនូវកំណើនដ៏ខ្លាំង ដោយបានចាប់ផ្តើមពីក្រុមហ៊ុនសាមញ្ញមួយហើយបានពង្រីកទៅជាក្រុមហ៊ុនដ៏ធំដែលផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេស។

ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ៕