(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានការពារតំណែងជើងឯកដោយជោគជ័យ ក្រោយយកឈ្នះក្រុមបឹងកេត ដោយលទ្ធផលយ៉ាងចាស់ដៃ ៥-០ ក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ចុងក្រោយ នៅល្ងាចថ្ងៃទី០៣ ខែធ្នូនេះ ដើម្បីគ្រងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា(Cambodian Premier League) ឆ្នាំ២០២២ ។

នេះជាលើកទី៨ ហើយ ដែលភ្នំពេញក្រោន បានគ្រងជើងឯកលីគកំពូលកម្ពុជា ។ អ្វីដែលពិសេស ការគ្រងជើងឯកនេះ គឺដូចទៅនឹងការទស្សន៍ទាយរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលបានទស្សន៍ទាយមុនការប្រកួតវគ្គ Top-4 ទាំងពេលនោះ ភ្នំពេញក្រោន ទើបមាន ៣៦ពិន្ទុ ឈរលេខ៣ ចាញ់ប្រៀបវិសាខា ឈរលេខ២ មាន ៤០ពិន្ទុ និងព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងមាន ៤៦ពិន្ទុ ។ តែទីបំផុតការទស្សន៍ទាយនេះ ក៏បានក្លាយជាការពិត ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតកាត់សេចក្ដី នៅល្ងាចនេះវិញ ភ្នំពេញក្រោន ពិតជាធ្វើបានល្អ ដោយបានស៊ុតបំប៉ោងសំណាញ់ទីក្រុមបឹងកេត ៣គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ Yudai Ogawa នៅនាទី១៦, Fareed Sadat នៅនាទី១៨ និងកីឡាករ លឹម ពិសុទ្ធ នៅនាទី៣២ មុនក្រុមម្ចាស់ផ្ទះសិង្ហក្រហមបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ Fareed Sadat នៅនាទី៦៦ និង Valerii Hryshyn នៅនាទី៨៦ ដើម្បីធានាជ័យជម្នះជូនក្រុម និងជួយឲ្យក្រុមភ្នំពេញក្រោន គ្រងជើងឯកក្របខណ្ឌ CPL 2022 តែម្ដង ។

ដោយឡែកក្រុមវិសាខា បានត្រឹមជើងឯករង បន្ទាប់ពីប្រកួតយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០ មុននេះបន្ដិច នៅកីឡដ្ឋានខេត្តស្វាយរៀង ។ ជំនួបដ៏ជក់ចិត្តក្រោមតំណក់ទឹកភ្លៀងស្ទើរពេញ ៩០នាទីនេះ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាយ៉ាងខ្លាំង រហូតចុងវគ្គទី១ មានការប៉ះទង្គិចគ្នាមួយប្រាវ ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមកីឡាករម្ខាងម្នាក់ទៀតផង ។ យ៉ាងណាក្ដីការព្យាយាមលេង ១០នាក់ ទល់ ១០នាក់លើទីលាន រហូតដល់នាទី៩០+២ ទើបកីឡាករ Paulo Victor ស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់ ជួយឲ្យវិសាខាទទួលបានជ័យជម្នះតែម្ដង ។

ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២៧ នៃលីគកំពូលកម្ពុជា គេឃើញក្រុមជើងឯកភ្នំពេញក្រោន គឺរកបាន ៥២ពិន្ទុ គ្រាដែលក្រុមជើងឯករងវិសាខា ក៏រកបាន ៥២ពិន្ទុស្មើគ្នា តែចាញ់ប្រៀបប្រវត្តិជួបគ្នាជាមួយភ្នំពេញក្រោន ។ រីឯក្រុមចំណាត់ថ្នាក់លេខ៣ ក្រុមព្រះខ័នរាជស្វាយរៀង មាន ៤៩ពិន្ទុ និងក្រុមបឹងកេត ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ដោយរកបាន ៣៩ពិន្ទុប៉ុណ្ណោះ ។ ចំពោះពិធីប្រគល់ពានរង្វាន់ជ័យលាភីនេះ នឹងត្រូវរៀបចំនាថ្ងៃទី០៤ ខែវិច្ឆិកាស្អែក នៅទឹកដីក្រុមជើងឯក ពោលគឺក្រុមភ្នំពេញក្រោន បន្ទាប់ពីពួកគេ ក្លាយជាម្ចាស់ពានផ្លូវការ ៕