(សៀមរាប)៖ កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជិត ៨ពាន់នាក់ មកពី ៦៩ប្រទេសលើពិភពលោក នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ បានចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៧ នៅអង្គរវត្ត ខេត្តសៀមរាប ។ ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ នៅមុខប្រាសាទអង្គរវត្តនេះ បានធ្វើឡើងអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

លោករដ្ឋមន្ដ្រី ថោង ខុន មានប្រសាសន៍ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំនេះ មានអ្នកចូលរួមសរុប ៧,៥៤៣នាក់ មកពី ៦៩ប្រទេស ក្នុងនោះមានអត្តពលិកកម្ពុជា ៥,៨១៤នាក់ និងអត្តពលិកអន្ដរជាតិ ១,៧២០នាក់ ក្នុងនោះអ្នករត់មកពីបរទេសច្រើនជាងគេ រួមមានអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ វិញ្ញាសារត់ រួមមាន ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ។

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ដដែលបន្ដថា «បន្ទាប់ពីបុរេព្រឹត្តិការណ៍ចាប់ផ្ដើមក្នុងឆ្នាំ២០២១ ក្រោយវិបត្តិកូវីដ-១៩ ថ្ងៃនេះ មានសញ្ញាណបញ្ជាក់ពីការចេញដំណើរក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញយ៉ាងលឿន និងមានភាពវិជ្ជមានគួរជាទីសង្ឃឹមក្នុងការស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិឡើងវិញបានឆាប់រហ័ស។ ពិតណាស់ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេ និងផ្ដល់នូវភាពកក់ក្ដៅជាទីបំផុត ក្រោមម្លប់នៃសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ»

គួរដឹងថា នេះគឺជាឆ្នាំទី២ ហើយ NOCC សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងក្រុមហ៊ុនពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះឡើងវិញ បន្ទាប់ពីរៀបចំដំបូង កាលពីឆ្នាំ២០២១ ក្រោយវិបត្តិកូវីដ-១៩ ដែលខកខានរៀបចំកាលពីឆ្នាំ២០២០ (រៀបចំតាមអនឡាញ)។ ឆ្នាំនេះដែរ ក៏លើកដំបូង ដែលគណៈកម្មការរៀបចំអនុញ្ញាតឲ្យជនបរទេសនៅក្រៅប្រទេសចុះឈ្មោះចូលរួមឡើងវិញ ហើយបានទទួលអ្នករត់អន្ដរជាតិរហូតដល់ជិត ២ពាន់នាក់មកពី ៦៩ប្រទេសចូលរួម។ នេះគឺជាជោគជ័យមួយ សម្រាប់គណៈកម្មការរៀបចំ ក្រោយដំណាក់កាលកូវីដ-១៩។

ចំពោះគោលបំណងសំខាន់ៗ នៃព្រឹត្តិការណ៍នេះ ក្រៅពីបំផុសប្រជាពលរដ្ឋលេងកីឡាដើម្បីសុខភាព និងរួមចំណែកវិស័យទេសចរណ៍ ក៏ដូចជាផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌ នៃតំបន់អង្គរ ខេត្តសៀមរាប ការរៀបចំនេះ ក៏ដើម្បីស្វែងរកមូលនិធិជួយដល់សកម្មភាពមនុស្សធម៌ផងដែរ ដូចជាកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌ជាតិ-អន្ដរជាតិមួយចំនួនទៀត។ ម្យ៉ាងក៏ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ៕