(ដូហា)៖ ២ប្រកួតបើកឆាកនៅវគ្គ ១៦ក្រុមនៃ World Cup 2022 នៅប្រទេសកាតា រកឃើញ ២ក្រុមហើយកក់កៅអីវគ្គ ៨ក្រុមមុនគេរួមមាន ហូឡង់ និងអាហ្សង់ទីន។

១ប្រកួតបើកឆាកនាម៉ោង ១០យប់ ក្រុមខ្លាំងនៅអឺរ៉ុប ទឹកក្រូចហូឡង់បានយកឈ្នះក្រុមមហាអំណាចផុតលេខ អាមេរិកក្នុងលទ្ធផល ៣ទល់នឹង១។

ហូឡង់ បានក្លាយជាក្រុមដំបូងគេ ក្នុងការឡើងទៅចាំមុននៃវគ្គ ៨ក្រុមចុងក្រោយ ដ្បិតពួកគេខកខាន World Cup កាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដោយសារធ្លាក់ក្នុងវគ្គជម្រុះ។

ហូឡង់ ត្រូវប៉ះសត្រូវចាស់អាហ្សង់ទីន នៅវគ្គ ៨ក្រុមនៃ World Cup លើកទី២២ ដែលធ្លាប់ចាញ់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup 2014 នៅប្រទេសប្រេស៊ីល កាលនោះលោក Louis van Gaal នៅដឹកនាំដូចគ្នា។

ក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីនបានឡើងមកដល់វគ្គ ៨ក្រុម តាមរយៈយកឈ្នះក្រុមអាស៊ី អូស្រ្តាលី ២-១ នាយប់មិញនេះដូចគ្នា៕