(ដូហា)៖ ខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Alex Telles របស់ក្រុមជម្រើសជាតិសាំបាប្រេស៊ីល ពួកគេទាំងពីរនាក់ត្រូវបានដកចេញពីការប្រកួតដែលនៅសេសសល់ នៃព្រឹត្តិការណ៍ World Cup បន្ទាប់ពីមានរបួស នៅក្នុងការប្រកួតចុងក្រោយ នៃវគ្គសន្សំពិន្ទុក្នុងពូល G ចាញ់ក្រុមកាមេរូន។

នេះបើតាមការប្រកាសពីសមាគមបាល់ទាត់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។

Telles ត្រូវបានប្តូរចេញនៅនាទីទី៥៤ នៃការប្រកួតចាញ់របស់ប្រេស៊ីល ក្នុងលទ្ធផល ១-០ ទល់នឹងកាមេរូន ខណៈ Jesus បានចាកចេញពីទីលាន ១០នាទីបន្ទាប់។

ប្រេស៊ីល នឹងត្រូវប៉ះកូរ៉េខាងត្បូង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្នុងការប្រជែងកៅអីទៅវគ្គ ៨ក្រុម៕