(លូសាល)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន លោក Rigobert Song បានលើកឡើងថា លោកមានមោទនភាព ចំពោះកីឡាកររបស់លោក បន្ទាប់ពីទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងលទ្ធផល ១-០ លើក្រុមប្រេស៊ីល ក្នុងការប្រកួតចុងក្រោយក្នុងពូល G របស់ពួកគេនៃព្រឹត្តិការណ៍ World Cup កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។

ការតែតបាល់បញ្ចូលទីនៅចុងម៉ោងរបស់កីឡាករ Vincent Aboubakar បានធ្វើឲ្យកាមេរូន យកឈ្នះជាលើកដំបូង មិនធ្លាប់មានពីមុនមក លើក្រុមខ្លាំងសាំបាប្រេស៊ីល នៅ World Cup។

ប៉ុន្តែយ៉ាងណាក៏ដោយ ជ័យជម្នះនេះមិនគ្រប់គ្រាន់ដើម្បីឲ្យក្រុមមកពីទ្វីបអាហ្រ្វិកមួយនេះទទួលបានកៅអី ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នៅប្រទេសកាតានោះទេ ខណៈពួកគេបានបញ្ចប់ នៅចំណាត់ថ្នាក់ទី៣ នៅពីក្រោយក្រុមប្រេស៊ីល និងស្វីស។

«យើងមានអារម្មណ៍សោកស្តាយ ដោយសារការប្រកួតនេះបានបង្ហាញថា យើងអាចធ្វើបានល្អជាង ការប្រកួត ២លើកដំបូង»។ នេះបើតាមសម្តីលោក Song បានលើកឡើងសំដៅទៅលើការប្រកួតលទ្ធផលស្មើ ៣-៣ ជាមួយស៊ែប៊ី និងចាញ់ ១-០ ក្រោមថ្វីជើងក្រុមស្វីស។

«ខ្ញុំមានមោទនភាព ចំពោះកីឡាកររបស់ខ្ញុំ។ យើងបានបង្ហាញថា យើងអាចមានក្រុមល្អ ហើយយើងត្រូវតែប្រាកដថា យើងបន្តរក្សាការអភិវឌ្ឍនេះ»