(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការបង្កើតកិច្ចសន្យាតែងតែត្រូវបានមើលឃើញថាកើតមានជាញឹកញាប់ មានដូចជា កិច្ចសន្យាលក់-ទិញ កិច្ចសន្យាម៉ៅការ កិច្ចសន្យាអាណត្តិ ជាពិសេសនោះគឺ កិច្ចសន្យាបញ្ញើជាដើម ។ ដោយឡែកចំពោះកិច្ចសន្យាបញ្ញើ គឺច្បាប់ចាត់ទុកត្រឹមតែជាសេវាក្នុងការរក្សាទុកនូវវត្ថុដែលបានទទួលប៉ុណ្ណោះ ដែលខុសពីកិច្ចសន្យាផ្សេងៗទៀត ។

តើអ្វីទៅជាកិច្ចសន្យាបញ្ញើ? ហើយកិច្ចសន្យាបញ្ញើ មានលក្ខណៈយ៉ាងដូចម្តេចខ្លះ?

សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «កិច្ចសន្យាបញ្ញើ» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ។

យោងទៅតាមបញ្ញត្តិច្បាប់ បញ្ញើ គឺសំដៅទៅលើកិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញើ សន្យាទទួលយកវត្ថុបញ្ញើ ពីភាគីម្ខាងទៀតដែលជាអ្នកផ្ញើ មករក្សាទុកក្នុងអំឡុងពេលដែលបានកំណត់ ហើយនៅក្រោយពេលដែលអំឡុងពេលរក្សាទុកនោះត្រូវបានបញ្ចប់ ត្រូវសងវត្ថុដដែលនោះ ទៅឱ្យអ្នកផ្ញើវិញ ។ បើគ្មានកិច្ចសន្យាពិសេសទេ អ្នកផ្ញើពុំមានករណីយកិច្ចបង់កម្រៃឱ្យអ្នកទទួលបញ្ញើឡើយ ។ ប៉ុន្តែ ក្នុងករណីដែលអ្នកទទួលបញ្ញើ បានធ្វើកិច្ចសន្យានោះជាមួយអ្នកផ្ញើ ក្នុងនាមជាអាជីវកម្មរបស់ខ្លួន ឬ ប្រសិនបើមានកំណត់ក្នុងច្បាប់ ទោះបីជាពុំបានធ្វើកិច្ចសន្យាពិសេសចំពោះកម្រៃក៏ដោយ អ្នកទទួលបញ្ញើអាចទាមទារកម្រៃសមរម្យពីអ្នកផ្ញើបាន ។

តាមរយៈខ្លឹមសារខាងលើនេះ កិច្ចសន្យាបញ្ញើ គឺត្រូវបានបង្កើតឡើងដោយការព្រមព្រៀង រវាងភាគីអ្នកផ្ញើ និងភាគីអ្នកទទួលបញ្ញើ តាមរយៈរូបភាពនៃការប្រគល់ និងទទួលវត្ថុបញ្ញើ ។ លើសពីនេះទៅទៀត ចំពោះកិច្ចសន្យាបញ្ញើនេះផងដែរ ប្រសិនបើករណីយកិច្ចត្រូវបានកើតឡើងតាមរយៈតែភាគីម្ខាង ពោលគឺភាគីអ្នកទទួលបញ្ញើ នោះកិច្ចសន្យានឹងក្លាយជាកិច្ចសន្យាឯកតោភាគី ហើយចំពោះករណីនេះ ភាគច្រើនគឺកើតមានចំពោះការផ្ញើដោយមិនយកម្រៃ ។ ជាឧទាហរណ៍ដូចជា ការថែរក្សាទុកនូវវត្ថុមានតម្លៃនៅសណ្ឋាគារឱ្យមានសុវត្ថិភាព ឬការផ្ញើឥវ៉ាន់ជាបណ្តោះអាសន្ននៅក្នុងភោជនីយដ្ឋានជាដើម ។ រីឯការផ្ញើដោយយកកម្រៃ ក្នុងនាមជាការធ្វើអាជីវកម្មវិញ ករណីយកិច្ចមានចំពោះទាំងភាគីអ្នកផ្ញើ និងភាគីអ្នកទទួលបញ្ញើ ពោលគឺអ្នកផ្ញើមានករណីយកិច្ចបង់កម្រៃសេវានៃបញ្ញើទៅអ្នកទទួលបញ្ញើ និងអ្នកទទួលបញ្ញើ មានករណីយកិច្ចរក្សាទុកនូវវត្ថុនោះ ជាក់ស្តែងដូចជា បញ្ញើទំនិញនៅក្នុងឃ្លាំងស្តុកទំនិញជាឧទាហរណ៍ ។

ម្យ៉ាងវិញទៀត នៅក្នុងច្បាប់ក៏បានបញ្ញត្តិពីករណីយកិច្ចរបស់អ្នកទទួលបញ្ញើផងដែរ ពោលគឺអ្នកទទួលបញ្ញើ គ្រាន់តែមានករណីយកិច្ចក្នុងការរក្សាទុកនូវវត្ថុបញ្ញើ ដោយព្យាយាមប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិតប៉ុណ្ណោះ ដោយពុំមានសិទ្ធិប្រើប្រាស់បានឡើយ លុះត្រាតែមានការយល់ព្រមពីអ្នកផ្ញើ ។ ចំណែកឯ កម្មវត្ថុនៃបញ្ញើវិញ ជាទូទៅជាចលនវត្ថុ ប៉ុន្តែ អចលនវត្ថុក៏អាចក្លាយជាកម្មវត្ថុនៃបញ្ញើដែរ តែយ៉ាងណាមិញភាគច្រើន បញ្ញើតែងតែកើតឡើងលើចលនវត្ថុច្រើនជាងអចលនវត្ថុ ។

នៅក្នុងកិច្ចសន្យាបញ្ញើ ការទទួលខុសត្រូវរបស់អ្នកទទួលបញ្ញើក៏ត្រូវបានច្បាប់កំណត់ផងដែរ ដែលមានដូចខាងក្រោម៖

* អ្នកទទួលបញ្ញើ ត្រូវសងសំណងនៃការខូចខាត ប្រសិនបើបានធ្វើឱ្យបាត់បង់ ឬបានធ្វើឱ្យបែកបាក់នូវវត្ថុបញ្ញើ ដោយហេតុថា អ្នកទទួលបញ្ញើមានករណីយកិច្ចនៅក្នុងការរក្សាទុកនូវវត្ថុបញ្ញើ ដោយការព្យាយាមប្រុងប្រយ័ត្ន ។

* អ្នកទទួលបញ្ញើ មិនអាចរួចផុតពីការទទួលខុសត្រូវបាននោះទេ ចំពោះការធ្វើឱ្យបាត់បង់ ឬបែកបាក់វត្ថុបញ្ញើ ទោះបីជានៅក្នុងករណីដែលបញ្ញើនោះកើតឡើងតាមរយៈការទាមទាររបស់អ្នកទទួលបញ្ញើក៏ដោយ ។

ឧទាហរណ៍៖ ការទាមទារឱ្យមានការផ្ញើឥវ៉ាន់ ពេលចូលទៅក្នុងបណ្ណាល័យជាដើម ។ បន្ថែមពីនេះទៅទៀត នៅទីកន្លែងដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងងូតទឹក សិល្បៈការ្យផ្សេងទៀតដែលមានភ្ញៀវជួបជុំ ប្រសិនបើកម្មសិទ្ធិករនៃសិល្បៈការ្យទាំងឡាយនោះបានទទួលវត្ថុបញ្ញើពីភ្ញៀវ អ្នកទទួលបញ្ញើ ត្រូវទទួលខុសត្រូវ ចំពោះការធ្វើឱ្យបាត់បង់ ឬបែកបាក់នូវវត្ថុបញ្ញើនោះ ។ ប៉ុន្តែ ទោះបីជាមានការទទួលខុសត្រូវដូចករណីលើកឡើងខាងលើក៏ដោយ ក៏អ្នកទទួលបញ្ញើ អាចរួចផុតពីការទទួលខុសត្រូវបានផងដែរ ប្រសិនបើមានការបញ្ជាក់ថាជាករណីប្រធានសក្តិ ។

សរុបជារួមមក កិច្ចសន្យាបញ្ញើ ជាកិច្ចសន្យាមួយដែលកើតឡើងដោយការព្រមព្រៀងរវាងភាគី ដោយមិនយកកម្រៃ ឬយកកម្រៃក្នុងករណីបញ្ញើជាការធ្វើអាជីវកម្ម និងផ្តោតសំខាន់ទៅលើការផ្តល់សេវាលើការរក្សាទុកនូវវត្ថុបញ្ញើ ។ ហើយនៅក្នុងកិច្ចសន្យាបញ្ញើនីមួយៗ គឺមានលក្ខណៈជាការប្រគល់វត្ថុ និងទទួលនូវវត្ថុ ដោយភ្ជាប់ជាមួយនឹងករណីយកិច្ចនៅក្នុងការរក្សាទុកនូវវត្ថុនោះ រហូតដល់អំឡុងពេលដែលផ្ញើត្រូវបានបញ្ចប់ ដោយត្រូវសងវត្ថុបញ្ញើទៅអ្នកផ្ញើវិញ ។ ហើយបើក្នុងករណីវត្ថុបញ្ញើនោះ ត្រូវបានបាត់បង់ ឬបែកបាក់ ក្នុងអំឡុងពេលដែលផ្ញើនោះ ការទទួលខុសត្រូវរបស់អ្នកទទួលបញ្ញើនឹងកើតមានឡើង ៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងកញ្ញា ឈិន ឆាយអ៉ី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com,
ហ្វេសប៊ុកផេក៖ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Firm៕