(ដូហា)៖ ខ្សែប្រយុទ្ធជួរមុខដ៏មុតស្រួចរបស់បារាំង Kylian Mbappe បានកំពុងនាំមុខកំពូលតារាងអ្នករកបានច្រើនគ្រាប់ជាបណ្តោះអាសន្ននៃ World Cup 2022 នៅប្រទេសកាតា។

បារាំង ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ បានឆ្លងចូលវគ្គ ៨ក្រុមជាស្ថាពរហើយ ក្រោយយកឈ្នះប៉ូឡូញ ៣ទល់នឹង១ ពីក្នុងវគ្គ ១៦ក្រុមនាយប់មិញនេះ ដោយកីឡាករមកពីក្លឹបក្នុងស្រុក Paris Saint-Germain ខាងលើក៏រួមចំណែករកបាន ២គ្រាប់ផងដែរ។

នេះមាន័យថា ខ្សែប្រយុទ្ធវ័យទើបជាង ២០ឆ្នាំ Mbappe តែងតែរកបានគ្រាប់ ក្នុងចំណោម ៤ប្រកួតរបស់បារាំងនៅ World Cup លើកទី២២ នេះ ដោយរកបាន ២គ្រាប់ពេលបារាំងបំបាក់អូស្រ្តាលី ៤ទល់នឹង១ និងរកបាន ១គ្រាប់ផងដែរពេលមាន់គក យកឈ្នះដាណឺម៉ាក ២-១។

ដូចគ្នានោះដែរ មានកីឡាករដល់ទៅ ៦នាក់ដែលរកបាន ៣គ្រាប់តាមពីក្រោយ Mbappe មានដូចជាមិត្តរួមជាតិ Olivier Giroud, Alvaro Morata របស់អេស្ប៉ាញ Lionel Messi របស់អាហ្សង់ទីន Marcus Rashford របស់អង់គ្លេស Cody Gakpo របស់ហូឡង់ និង Enner Valencia របស់អេក្វាឌ័រដែលបានហាលអាវវទៅហើយ៕