(ភ្នំពេញ)៖ ក្រុមហ៊ុន foodpanda បានចូលរូមការរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារលោក ឡោម សំណាង អាយុ២៥ឆ្នាំដែលជាដៃគូដឹកជញ្ជូនរបស់ខ្លួន បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ១២ ថ្ងៃត្រង់ តាមបណ្ដោយផ្លូវ ២២៥ កែងនឹងផ្លូវ ១១៨ សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការទទួលមរណភាពរបស់លោក ឡោម សំណាង ពិតជាផ្ដល់ភាពតក់ស្លុតយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារ និងក្រុមហ៊ុន foodpanda។

បន្ថែមពីលើនេះដែរ ក្រុមហ៊ុន foodpanda បានឲ្យដឹងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២២ នៅថ្ងៃដដែល បានសហការជាមួយក្រុមគ្រួសារសព រៀបចំបុណ្យសពនៅស្រុកកំណើតខេត្តបន្ទាយមានជ័យរបស់សពផ្ទាល់ដែលស្ថិតនៅ ភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ទាំងនេះបានបញ្ជាក់បង្ហាញថាក្រុមហ៊ុន foodpanda មានការយកចិត្តទុកដាក់ ក៏ដូចជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនទៅលើដៃគូដឹកជញ្ជូនរបស់ខ្លួន។

ភ្លាមៗនោះផងដែរ តំណាងក្រុមការងារ foodpanda លោក ជួន គីមហាក់ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន foodpanda បាននាំយកមូលនិធិ ដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ បុគ្គលិក ដៃគូដឹកជញ្ជូន និងសប្បុរសជនជាច្រើនតាមប្រព័ន្ធសង្គម (Facebook) គិតជាទឹកប្រាក់ចំនូន ២២,១៦៥.៥៦ ដុល្លារ (ពីរម៉ឺនពីពាន់ មួយរយហុកសិបប្រាំ និងហាសិបប្រាំមួយដុល្លា) គិតត្រឹម ២០ម៉ោង ទៅជូនគ្រួសារសពផ្ទាល់ ដែលកំពុងមានទុក្ខធំដោយបាត់បង់ប្ដីជាទីស្រឡាញ់ និងឪពុកជាសសរទ្រូងរបស់កូនៗ។

ចំណែកថវិកាដែលរៃអង្គាសបានពីសប្បុរសជននានាមួយចំនួនទៀត ក្រុមហ៊ុននឹងយកទៅជូនគ្រួសាសពនៅថ្ងៃប្រារពពិធីបុណ្យ៧ថ្ងៃខាងមុខនេះ។ ក្រុមហ៊ុន foodpanda បុគ្គលិក ព្រមទាំង ដៃគូដឹកជញ្ជូនទាំងអស់ សូមឧទ្ទិសបួងសួងដល់វិញ្ញាណខ្ខន្ធរបស់លោកបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕