(អាមេរិក)៖ តារាសម្ដែងអាមេរិក Jenna Ortega ដែលកំពុងតែល្បីល្បាញខ្លាំង តាមរយៈការដើរជាតួស្រី ក្នុងរឿង «Wednesday» ដែលជារឿងផ្ទុះខ្លាំងលើ Netflix នោះ ត្រូវបានរាយការណ៍មកថា ទទួលបានអ្នកតាមដាន១០លាននាក់ នៅលើ Instagram ក្នុងរយៈពេល ១០ថ្ងៃ នៃការបញ្ចាំងរឿងនេះជាលើកដំបូង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Time នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

ពីចំនួនអ្នកតាមដាន ៩.៤លាននាក់នៅថ្ងៃទី២៣ ខែវិច្ឆិកា ជាថ្ងៃដែលរឿងបែបភ័យរន្ធត់ «Wednesday» ចាប់ផ្តើមចាក់ផ្សាយ ស្រាប់តែអ្នកតាមដាននាងបានកើនឡើងដល់ ១៩.៤លាននាក់ គិតត្រឹមថ្ងៃសៅរ៍មុន និងលើស២០លាននាក់កាលពីថ្ងៃអាទិត្យ។ នេះបើគេហទំព័រកម្សាន្ត Pop Crave។

គួរជម្រាបថា ភាពយន្តរបស់ Netflix ដែលមានចំណងជើងថា «Wednesday» គឺជារឿងបែបភ័យរន្ធត់ និងអាថ៌កំបាំង ដែលផ្ទុះការតាមដានជាច្រើនពីសំណាក់ អ្នកស្នេហាវិស័យភាពយន្ត។ ភាគប្រាំបីនៃរឿងនេះ ត្រូវបានគេមើលចំនួន ៣៤១.២៣ លានម៉ោងក្នុងសប្តាហ៍ដំបូងរបស់ខ្លួននៅលើវេទិកាផ្សាយ ហើយឥឡូវនេះទទួលបានកំណត់ត្រា សម្រាប់ការមើលច្រើនម៉ោងក្នុងមួយសប្តាហ៍ សម្រាប់រឿងភាគទូរទស្សន៍ ជាភាសាអង់គ្លេសណាមួយនៅលើ Netflix៕