(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានចេញសេចក្ដីប្រកាស ស្ដីពីកម្មវិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ (CPL Football Award) ឆ្នាំ២០២២ ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃពុធ ទី០៧ ខែធ្នូ នៅផ្សារទំនើប អ៉ីអ៊ន ម៉ល សែនសុខ ចាប់ពីម៉ោង ១៦៖០០នាទីល្ងាចតទៅ។

គោលបំណងសំខាន់នៃការបង្កើតកម្មវិធីប្រគល់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ នេះធ្វើឡើងដើម្បីផ្តល់គុណតម្លៃ ប្រជាប្រិយភាព និងការគោរពស្រឡាញ់ ចំពោះកីឡាករ គ្រូបង្វឹក ក្លិបបាល់ទាត់ មន្ត្រីដឹកនាំការប្រកួត និង ម្ចាស់ឧបត្ថម្ភ ក៏ដូចជាការបំពាក់មេដាយ និងប្រគល់ជូននូវពានរង្វាន់ដល់មន្ត្រី និងកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនផងដែរ។

តម្លៃនិងចំនួនសំបុត្រ យើងបានកំណត់ជាក់លាក់ និងដាក់លក់នាពេលឆាប់ៗខាងមុខនេះ ហើយតម្លៃក្នុង០១សំបុត្រ ១០ដុល្លារ ស្មើនឹង ៤០.០០០រៀល ដោយទទួលបានអាហារសម្រន់ និងការទស្សនានូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។

ចំពោះតម្លៃសំបុត្រ អាចនិយាយថាមិនមែនសម្រាប់ការរៀបចំកម្មវិធីទាំងមូលទេ គឺជាការឲ្យតម្លៃកម្មវិធីនេះ៖

* ដើម្បីញ៉ាំងអោយកម្មវិធីកាន់តែមានភាពទាក់ទាញ
* ដើម្បីបង្កើននូវចំនួនពានរង្វាន់សម្រាប់កីឡាករ
* ដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់កីឡាករ ដែលត្រូវទទួលបានពានរង្វាន់ជ័យលាភី
* មានឱកាសជួបជាមួយនឹងកីឡាករដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត
* អាចចូលរួមលេងហ្គេម និងមានឱកាសឈ្នះរង្វាន់។

គួរដឹងដែរថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL រៀបចំឲ្យមានកម្មវិធី CPL Football Award 2022 នេះឡើង។

ដោយឡែក នៅព្រឹកថ្ងៃកម្មវិធី CPL ក៏មានរៀបចំការប្រកួតហ្គេម (eFootball) ជាប្រភេទ Mobile Game ដែលរៀបចំនៅពេលព្រឹកចាប់ពីចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ១៣៖០០នាទីថ្ងៃរសៀល។ ជ័យលាភីជើងឯក នឹងទទួលបានរង្វាន់នៅក្នុងពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២៕