(អាមេរិក)៖ ក្រុមហ៊ុន Twitter នៅថ្ងៃសុក្រកន្លងទៅនេះ បានផ្អាកគណនីរបស់តារារ៉េប Ye ម្តងទៀត បើនិយាយទៅត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីគណនីរបស់ Ye បានបើកឲ្យដំណើរការឡើងវិញ។ ការផ្អាកនៅពេលនេះ ត្រូវបាន Elon Musk ដែលជាម្ចាស់ Twitter បាននិយាយថា ដោយសារតារារ៉េបរូបនេះ បានបំពានគោលការណ៍ បន្ទាប់ពីការបង្ហោះរបស់ Ye នាពេលថ្មីៗនេះ មានខ្លឹមសារញុះញង់ឲ្យមានអំពើហិង្សា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។

បើគេនៅចាំមិនភ្លេច ​ម្ចាស់ Twitter ថ្មី Elon Musk ដែល​ហៅ​ខ្លួន​ឯង​ថា ​ជា​អ្នក​និយាយ​ដោយ​សេរីនោះ ទើបតែបាន​ស្វាគមន៍​ការ​វិល​ត្រឡប់មកវិញ របស់គណនី​តារា​រ៉េប​មក​កាន់​វេទិកា Twitter ​ក្នុង​ខែ​តុលាកន្លងទៅនេះ។ តែយ៉ាងណា ដោយសារតែ Ye បំពានគោលការណ៍ម្តងទៀត ទើបគណនីរបស់គេត្រូវបានបិទជាថ្មី។

ឆ្លើយតបនឹងការបិទគណនីរបស់ Ye នៅពេលនេះ, Elon Musk បានបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំបានព្យាយាមអស់ពីសមត្ថភាព។ ទោះ​ជា​បែប​នេះ​ក្ដី គាត់​បាន​បំពាន​ច្បាប់​របស់​យើង​ម្ដង​ទៀត​ប្រឆាំង​នឹង​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ដូច្នេះគណនីត្រូវបានផ្អាក»។

គួរជម្រាបថា តារារ៉េបល្បីឈ្មោះរបស់អាមេរិក Ye ដែលត្រូវបានគេដឹងថា សម្បូររឿងរ៉ាវចម្រូងចម្រាស់ មានអ្នកតាមដានច្រើនជាង ៣០លាននាក់នៅលើ Twitter។ តែយ៉ាងណា ជុំវិញរឿងរ៉ាងខាងលើនេះ Ye មិនទាន់មានការឆ្លើយតបណាមួយនៅឡើយនោះទេ៕