(ដូហា)៖ ខ្សែប្រយុទ្ធ Olivier Giroud បានសម្រេចគ្រាប់បាល់ ៥២គ្រាប់ ឲ្យជម្រើសជាតិបារាំង ក្រោយរកបាន ១គ្រាប់ ក្នុងពេលប្រកួតតទល់ជាមួយប៉ូឡូញ ក្នុងវគ្គ ១៦ក្រុម នៃព្រឹត្តិការណ៍ World Cup 2022 ដែលបានធ្វើឡើងនៅកីឡដ្ឋាន Al Thumama Stadium នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ក្នុងប្រទេសកាតា។

១គ្រាប់នាំមុខប៉ូឡូញយប់មិញ ធ្វើឲ្យកីឡាករវ័យ ៣៦ឆ្នាំរូបនេះ ក្លាយជាកីឡាករ ដែលរកគ្រាប់បាល់ច្រើនជាងគេបំផុតឲ្យជម្រើសជាតិបារាំង ក្នុងពេលបង្ហាញខ្លួនបាន ១១៦ប្រកួត និងជាគ្រាប់ដែលជាផ្នែកមួយនៃជ័យជម្នះ ៣ទល់នឹង១ លើប៉ូឡូញ។ កំណត់ត្រានេះ លើសកីឡាករ Thierrry Henry ដែលរកបានត្រឹមតែ ៥១គ្រាប់ ក្នុងការប្រកួត ១២៣លើក។

Antoine Griezmann ដែលកំពុងលេងឲ្យបារាំងដែរនោះ រកបាន ៤២គ្រាប់ ក្នុងការប្រកួត ១០៨លើក។ ក្នុងនោះ Michel Platini ធ្វើបាន ៤១គ្រាប់ ក្នុងការប្រកួត ៧២លើក ខណៈ Karim Benzema ដែលបានខកខានការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup 2022 រកបាន ៣៧គ្រាប់ ក្នុងការប្រកួត ៩៧លើក។ ចំណែកឯ កីឡាករវ័យ ២៣ឆ្នាំ Kylian Mbappe រកបាន ៣១គ្រាប់ ក្រោយបង្ហាញខ្លួនបាន ៦១លើក។

ទោះជាយ៉ាងនេះក្តី មធ្យមភាគនៃការរកគ្រាប់បាល់ឲ្យជម្រើសជាតិបារាំង របស់ Giroud ដែលជាខ្សែប្រយុទ្ធរបស់ក្លិប AC Milan មានត្រឹមតែ ០.៤៦ តិចជាង Mbappe ដែលជាខ្សែប្រយុទ្ធរបស់ក្លិប PSG ដែលមានអត្រា ០.៤៨ ប៉ុន្តែលើស Henry ដែលមានអត្រា ០.៤១ និង Griezman ដែលមានអត្រាត្រឹមតែ ០.៣៩ ៕