(ដូហា)៖ Lionel Messi កីឡាករជម្រើសជាតិអាហ្សង់ទីន បានចុចឈ្មោះប្រទេសចំនួន៤ គឺអាហ្សង់ទីន, ប្រេស៉ីល, បារាំង និងអេស្ប៉ាញ ដែលអាចលើកពាន ក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain និយាយបែបនេះ កាលពីថ្ងៃសៅរ ក្រោយយកឈ្នះអូស្ត្រាលី ២ទល់នឹង១។

តាមការផ្សាយដោយ Marca នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២ គឺ Messi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «អាហ្សង់ទីន ជាក្រុមដែលខ្ញុំពេញចិត្ត (ក្នុងចំណោម ៤ក្រុមទៀត)។ អាហ្សង់ទីន ជាក្រុមដែលមានថាមពល ហើយយើងតែងតែស្ថិតក្នុងចំណោមក្រុមល្អបំផុត»

Messi បន្តថា លោកនិងប្រជាជនលើពិភពលោក សុទ្ធតែបានមើលការប្រកួត World Cup 2022 ហើយក្រៅពីអាហ្សង់ទីន គឺមាន ៣ក្រុមទៀត ដែលលេចធ្លោ។ លោកលើកឡើងថា ប្រេស៉ីល កំពុងតែធ្វើបានល្អ ទោះបីធ្លាប់ចាញ់កាមេរូន ក៏ដោយ។

ជាមួយគ្នានេះ Messi ដែលមានវ័យ ៣៥ឆ្នាំ អះអាងថា បារាំងនិងអេស្ប៉ាញ ក៏សុទ្ធតែកំពុងធ្វើបានល្អដែរ ទោះអេស្ប៉ាញធ្លាប់ចាញ់ជប៉ុនក្តី។

«ទោះបីជា អេស្ប៉ាញ ចាញ់ជប៉ុន ពួកគេនៅតែលេងបានល្អ។ ពួកគេច្បាស់លាស់ក្នុងការលេង ហើយយល់ពីអ្វីដែលពួកគេធ្វើ។ វាពិតជាពិបាក ក្នុងការដណ្តើមបាល់ពីអេស្ប៉ាញ ដូចយើងមើលឃើញ ពួកគេបានចំណាយពេលគ្រប់គ្រងបាល់ដ៏ច្រើនលើសលប់។ វាពិតជាពិបាក ក្នុងការយកឈ្នះលើអេស្ប៉ាញ»។ នេះបើតាមការលើកឡើងរបស់ Messi ។

សូមជម្រាបថា ថ្មីៗនេះ សាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេស Oxford បានបង្ហាញការសន្និដ្ឋានថា ប្រេស៉ីលមានភាគរយខ្ពស់ជាងគេក្នុងការលើកពាន World Cup 2022 ហើយជាមួយគ្នានេះដែរ ក្រុមហ៊ុនវិភាគបាល់ទាត់ដ៏ល្បីរបស់អង់គ្លេស Opta ក៏ទាយថា ប្រេស៉ីលលើកពានមួយនេះសម្រាប់ឆ្នាំនេះដែរ៕