(បរទេស)៖ បន្ទាប់ពីផ្ទុះការចលាចលនៅពាសពេញរោងចក្រផ្គត់ផ្គង់ iPhone កាលពីពេលថ្មីៗនេះ ពេលនេះក្រុមហ៊ុន Foxconn បានចេញការព្យាករណ៍ថ្មីដោយរំពឹងថា អំឡុងចុងខែធ្នូ រហូតដល់ដើមខែមករា ក្រុមហ៊ុនខ្លួននឹងអាចចាប់ផ្តើមបើកដំណើរការជាធម្មតាឡើងវិញទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

រោងចក្រផ្គត់ផ្គង់ការផលិតដ៏ធំបំផុតរបស់ Apple បានប្រឈមមុខនឹងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់នៃ COVID-19 ដែលបានបង្កឱ្យមានការខឹងសម្បារជាខ្លាំងពីបណ្តាលបុគ្គលិក Foxconn រហូតឈានដល់ការធ្វើកុបកម្មពាសពេញរោចក្រដ៏ធំនេះកាលពីអំឡុងចុងខែវិច្ឆិកា។ ទាំងនេះក៏ដោយសារគោលនយោបាយ Zero COVID នៅក្នុងប្រទេសចិន។

តែយ៉ាងណារបាយការណ៍ថ្មីនេះបានគូសបញ្ជាក់ថា ក្រុមហ៊ុន Foxconn និងរដ្ឋាភិបាលទីក្រុង Zhengzhou ប្រទេសចិនកំពុងធ្វើការយ៉ាងខ្លាំងលើដំណើរការគ្រប់គ្រងបុគ្គលិក ហើយអាចនឹងរួចរាល់ក្នុងខែធ្នូនេះ ខណៈដែលពេលវេលាបើកដំណើរការ ការផលិតឡើងវិញនៅនឹងចាប់ផ្តើមយ៉ាងយូរត្រឹមខែមករាខាងមុខនេះ។

គួរបញ្ជាក់ដែរថា ទីក្រុង Zhengzhou គឺជាម្រកដ៏ធំបំផុតរបស់ Foxconn ដែលជាកន្លែងផ្គត់ផ្គង់ការផលិត iPhone ខ្ទង់ ៧០ភាគរយរបស់ Apple និងមានបុគ្គលិកប្រមាណ ២០០,០០០នាក់នៅក្នុងនោះ។ ហើយបន្ទាប់ពីការផ្ទុះភាពចលាចលដែលធ្វើឱ្យកក្រើកផលិតកម្ម មានបុគ្គលិកប្រមាណ ២០,០០០នាក់ បាននាំគ្នាចាកចេញពីក្រុមហ៊ុនភ្លាមៗតែម្តង៕