(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ដាណា ម្ចាស់ហាងមាស ពេជ្រ ដាណាទ្រី និងជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី បានរៀបចំសន្និសីទសារព័ត៌មានបើកបង្ហាញមុខតារាចម្រៀង និងតារាសម្តែងចំនួន២រូប ជាទូតសុច្ឆន្ទៈ (BA) របស់ហាង មាស ពេជ្រ ដាណាទ្រី។ ទូតសុច្ឆន្ទៈ (BA)ហាង មាស ពេជ្រ ដាណាទ្រី ទាំង២រូបនោះ គឺតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា កញ្ញា ពេជ្រ សោភា និងដៃគូដ៏ស្រស់សង្ហារ គឺលោក ឈឹម សក្កដា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ២០២២ ឧកញ៉ា ទ្រី ដាណា បានបញ្ជាក់ថា មូលហេតុដែលជ្រើសរើស តារាចម្រៀង កញ្ញា ពេជ្រ សោភា និងលោក ឈឹម សក្កដា គឺដោយសារតែអ្នកទាំងពីរ មានទំនួលខុសត្រូវលើការងារ និងមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈនៅកម្ពុជា។

ឧកញ៉ា ទ្រី ដាណា បន្ថែមថា ក្រៅពីការធានាបាននូវគុណភាពមាស ពេជ្រ និងការលក់ចេញស្រួល និងទិញស្រួល, ការបង្កើតឲ្យមានទូតសុច្ឆន្ទៈ (BA) របស់ហាង មាស ពេជ្រ ដាណាទ្រី គឺជាការបន្ថែមនូវទំនុកចិត្តជូនដល់អតិថិជន ដែលបានគាំទ្រ និងចំណាយទាំងពេលវេលា និងថវិកា មកទិញគ្រឿងអលង្ការនៅហាង មាស ពេជ្រ ដាណាទ្រី។

ជាមួយគ្នានោះ កញ្ញា ពេជ្រ សោភា ក៏បានបញ្ជាក់ពីអារម្មណ៍ពិតថា ការក្លាយជាទូតសុច្ឆន្ទៈ (BA) របស់ មាស ពេជ្រ ដាណាទ្រី គឺកើតចេញពីការទុកចិត្តលើគ្រឿងអលង្ការនៅក្នុងហាងរបស់ ឧកញ៉ា ទ្រី ដាណា ទិញយកមកពាក់គឺហេង ហេង និងរកស៊ីមានបាន។

បញ្ជាក់ប្រាប់អតិថិជន និងអ្នកគាំទ្រដែរនោះ ឧកញ៉ា ទ្រី ដាណា បានបង្ហើបឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ ឧកញ៉ា ទ្រី ដាណា នឹងបើកសម្ពោធជាផ្លូវការ ហាងលក់គ្រឿងអលង្ការសាខាថ្មីមួយទៀត។

ឧកញ៉ា ទ្រី ដាណា ថា ការគាំទ្រ និងការជឿជាក់លើគុណភាពគ្រឿងអលង្ការ ក្នុងហាង «ដាណាលក់គ្រឿអលង្ការ» នេះហើយ បានជំរុញឲ្យឧកញ៉ា ទ្រី ដាណា គ្រោងនឹងបើកសម្ពោធជាផ្លូវការ ហាងលក់គ្រឿងអលង្ការបន្ថែមទៀត។

រំលឹកទៅក្រោយបន្តិច បើតាមការរៀបរាប់ពីឧកញ៉ា ទ្រី ដាណា ការបើកហាង «ដាណាលក់គ្រឿអលង្ការ» នេះ គឺជាក្តីស្រមៃ ដែលមានតាំងពីតូច នៅពេលដែលមានមនុស្សនៅជុំវិញខ្លួនបាន មើលងាយ និងនិយាយពាក្យមួយឃ្លាដែល ធ្វើឲ្យឧកញ៉ា ទ្រី ដាណា ចាំមិនភ្លេចរហូតមកដល់ពេលនេះ។

ការមើលងាយរបស់អ្នកមានទាំងនោះ ក៏ជាដើមចម ជំរុញឲ្យឧកញ៉ា ទ្រី ដាណា ពុះពារគ្រប់ឧបសគ្គ និងជំនះរាល់ការលំបាក ទាំងបាតដៃទទេ រហូតមានក្រុមហ៊ុនជារបស់ផ្ទាល់ខ្លួន និងឈានដល់សម្រេចក្តីស្រមៃដ៏ធំរបស់ខ្លួនបន្ថែមទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រៅពីការលក់គ្រឿងសំអាង អាហារបំប៉នសុខភាព ឧកញ៉ា ទ្រី ដាណា ក៏បានបើកហាង «ដាណាលក់គ្រឿអលង្ការ» បានចំនួន២សាខាហើយ ទីមួយគឺទីតាំងស្ថិតនៅបណ្តោយវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងសាខាទី២ ចុះពីស្ពានច្បារអំពៅប្រហែល៣គីឡូម៉ែត្រ ហួសច្រកចូលបុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕