(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារការ ចូលរួមប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបង្ហាញពីជោគជ័យ នៃការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ របស់អត្តពលិក កីឡាករ កីឡាការីរបស់ក្រសួងមហាផ្ទៃជាច្រើនគ្រឿង ដែលបានចំណាយពេលជាង១០ថ្ងៃ ចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២នេះ ។

ក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៤៦១នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។ ក្នុងព្រឹត្តិការណ៍ជាតិដ៏ធំមួយនេះ ក៏មានការចូលរួមពីកីឡាករ កីឡាការិនី មកពីតាមបណ្តារាជធានីខេត្តទាំង២៥ និងក្រសួងចំនួន៣រួមមានៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ។

លទ្ធផលដែលទទួលបានជាផ្លែផ្កា គឺក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយសរុបចំនួន២១១គ្រឿង ក្នុងនោះ មេដាយមាស១០៣គ្រឿង មេដាយប្រាក់៥៨គ្រឿង និងមេដាយសំរឹទ្ធ៥០គ្រឿង ឈរលើក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានពាំនាំនូវការលើកទឹកចិត្ត និងកោតសរសើរដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចំពោះលទ្ធផលដែលអត្តពលិកក្រសួងមហាផ្ទៃ ធ្វើបាននៅពេលនេះ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីបន្តជោគជ័យទៅមុខទៀតថ្នាក់ដឹកនាំ មន្ត្រី កីឡាករ កីឡាការិនីនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបន្តរួមគ្នាជាធ្លុងមួយ ពោលគឺត្រូវរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដើម្បីធ្វើឱ្យវិស័យកីឡារបស់កម្លាំងនគរបាល កាន់តែរីកចម្រើនបន្ថែមទៀត។

លោកអនុរដ្ឋលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះប្រធានប្រតិភូ ប្រតិភូរង ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត រួមគ្នាដឹកនាំការចូលរួមព្រឹត្តិការណ៍កីឡានេះ ឱ្យទទួលបានជោគជ័យប្រកបដោយទំនួលខុសត្រូវខ្ពស់ផងដែរ។

លោកបានមានប្រសាសន៍ទៀតថា ឆ្លងកាត់ការចូលរួមលើកនេះ ក្រុមការងារទាំងមូល រួមមាន ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ កីឡាការិនី ទទួលបាននូវបទពិសោធន៍ជាច្រើនពីការប្រកួត ទន្ទឹមនេះដែរ យើងក៏ត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត ដើម្បីសម្រេច និងឈានឱ្យដល់គោលដៅថ្មីប្រកបដោយផ្លែផ្កា ដើម្បីត្រៀមចូលរួមដណ្តើមជោគជ័យ ពីព្រឹត្តិការណ៍ប្រកួតកីឡាលើកក្រោយៗទៀត។

លោកបានក្រើនរំលឹក ដល់មន្ត្រីដឹកនាំការចូលរួម ការប្រកួតទាំងអស់ ត្រូវប្រកាន់ខា្ជប់ឱ្យបាននូវក្រមសីលធម៍ សុភវិនិច្ឆ័យ ប្រកបដោយតម្លាភាព និងមិនត្រូវបង្ហាញពីភាពខុសឆ្គងណាមួយ នាឱកាសដឹកនាំការចូលរួមប្រកួតនោះទេ ដើម្បីជៀសវាសឱ្យបាន នូវការវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅ ដ្បិតការប្រកួតតែងមានចាញ់ និងមានឈ្នះ ដូច្នេះហើយ បើមានបញ្ហាណាមួយមិនប្រក្រតី នោះយើងត្រូវតវ៉ា ប៉ុន្តែត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវលក្ខណៈបច្ចេកទេសនានា និងក្រមសីលធម៍ សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ៕