(ម៉ាទ្រីដ)៖ Cristiano Ronaldo នឹងចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al Nassr បន្ទាប់ពីការចាកចេញពាក់កណ្តាលរដូវកាលរបស់លោក ពីក្លិប Manchester United, នេះបើយោងតាមសារព័ត៌មានកីឡា របស់អេស្ប៉ាញ Marca បានចេញផ្សាយនាយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។

តាមរបាយការណ៍បង្ហាញថា ប្រាក់ខែប្រចាំឆ្នាំរបស់លោក មានជិត២០០លានអឺរ៉ូ នឹងធ្វើឲ្យលោកក្លាយជាអត្តពលិក ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុត នៅលើពិភពលោក។

បន្ទាប់ពីមានភាពចម្រូងចម្រាស ប៉ុន្មានខែរហូតដល់បើករដូវកាល២០២២-២៣, ក្លិប United បានប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកាថា ភាគីទាំងពីរ បានព្រមព្រៀងគ្នាទាំងសងខាង ក្នុងការចែកផ្លូវគ្នា។

Ronaldo បាននឹងកំពុងចូលរួមប្រកួត ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅឯព្រឹត្តិការណ៍ World Cup ចាប់តាំងពីពេលនោះមក។

សូមជម្រាបថា ក្លិប Al Nassr កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League កំពុងមាន ៣ពិន្ទុពីក្រោយក្រុមនាំមុខ Al Shabab FC ក្រោយឆ្លងកាត់ ៨ប្រកួត។ Al Nassr ធ្លាប់ដណ្តើមបានពានរង្វាន់លីគកំពូលនេះចំនួន ៣លើកគិតចាប់តាំងពីឆ្នាំ២០១៤មក៕